ប្រទេសចិន ៖ ស្ថាប័នវិទ្យាសាស្ត្រ និងកសិកម្មចិនបានសហការជាមួយក្រុមហ៊ុន Automotive Walking Technology ផលិតឧបករណ៍បំពាក់បច្ចេកវិទ្យា AI ដ៏ទំនើបសម្រាប់ចៀរជ័រកៅស៊ូ និងអាចបម្លាស់ទីក្នុងចម្ការកៅស៊ូដោយស្វ័យប្រវត្តិ ។ វាជាការអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យកសិកម្មចិនឱ្យកាន់តែទំនើប ហើយការផលិតឧបករណ៍នេះ គឺដើម្បីដោះស្រាយបញ្ហាខ្វះខាតកម្មករចៀរកៅស៊ូ ដែលប៉ះពាល់ដល់ឧស្សាហកម្មកៅស៊ូចិននាពេលបច្ចុប្បន្ន ។
ឧបករណ៍ចៀរកៅស៊ូនេះនឹងត្រូវបញ្ជូនទៅសាកល្បងចៀរជ័រក្នុងចម្ការកៅស៊ូខេត្តហៃណាន ស្ថិតនៅភាគខាងត្បូងប្រទេសចិន ដែលជិតដល់ខែចៀរកៅស៊ូ គឺខែមេសា ឆ្នាំ២០២៥ ។ បើតាមវីដេអូ គឺឧបករណ៍នឹងបម្លាស់ទីទៅជិតដើមកៅស៊ូ ហើយយកដៃរបស់វាចៀរជ័រកៅស៊ូ បន្តិចក្រោយមក ជ័រកៅស៊ូពណ៌ស ក៏ហៀរចេញពីដើមកៅស៊ូត្រង់កន្លែងដែលវាចៀរ ។
ជ័រកៅស៊ូរបស់ចិនពិតជាមានសារៈសំខាន់ណាស់សម្រាប់ការផលិតសំបកកៅស៊ូកង់រថយន្ត និងផលិតជាវត្ថុផ្សេងទៀតក្នុងឧស្សាហកម្ម ប៉ុន្តែបច្ចុប្បន្ន នៅតាមចម្ការកៅស៊ូចិនប្រឈមនឹងបញ្ហាខ្វះខាតកម្មករចៀរជ័រយ៉ាងច្រើន ដោយសារកម្មករធ្វើការងារធ្ងន់ ចៀរជ័រកៅស៊ូពេលយប់ និងឈឺថ្កាត់ដោយសារធ្វើការក្នុងចម្ការកៅស៊ូ ។
ឧបករណ៍ចៀរជ័រកៅស៊ូបំពាក់ដោយបច្ចេកវិទ្យា AI ដើម្បីឱ្យវាអាចធ្វើការក្នុងចម្ការកៅស៊ូគ្រប់ប្រភេទ មិនថាដីក្នុងចម្ការមានសភាពរាបស្មើ ឬខ្ពស់ទាប ។ វានឹងបម្លាស់ទីពីដើមកៅស៊ូ១ ទៅដើមកៅស៊ូ១ទៀត ហើយចៀរជ័រលើដើមកៅស៊ូបានយ៉ាងល្អ ។ ក្រៅពីនេះ បច្ចេកវិទ្យា AI អាចបញ្ជាក់ពីជម្រៅ និងសំបកដើមកៅស៊ូទៀតផង ដែលធ្វើឱ្យប្រសិទ្ធភាពចៀរជ័រ ស្មើរហូតដល់៨០% ថែមទាំងទទួលបានជ័រកៅស៊ូមានគុណភាពល្អ មិនខុសគ្នាពីការចៀររបស់មនុស្ស ។
រយៈពេល១ម៉ោង ឧបករណ៍នេះអាចចៀរជ័រកៅស៊ូ ចាប់ពី១០០ដើម ទៅ១២០ដើម ដោយប្រើប្រាស់ថាមពលថ្មលីចូម អាចធ្វើការបានជាង៨ម៉ោង ។ អ្នកប្រើប្រាស់អាចផ្លាស់ប្តូរថ្មរបស់វាយ៉ាងឆាប់រហ័ស ដោយចំណាយពេលត្រឹមតែ២០វិនាទីប៉ុណ្ណោះ គឺវាអាចធ្វើការក្នុងចម្ការកៅស៊ូធំៗរាប់ម៉ោង និងពុំផ្អាកដំណើរការ ។
នាយករងស្ថាប័នវិទ្យាសាស្ត្រ និងកសិកម្មចិនឱ្យដឹងថា ស្ថាប័នបានពិភាក្សាជាមួយក្រុមហ៊ុនផលិតជ័រកៅស៊ូអន្តរជាតិជាច្រើន និងក្រុមអ្នកដាំកៅស៊ូនៅតំបន់អាស៊ីអាគ្នេយ៍ រួមទាំងពិភាក្សាជាមួយប្រទេសឥណ្ឌណេស៊ី និងថៃផងដែរ គឺពួកគេចាប់អារម្មណ៍ខ្លាំងនឹងឧបករណ៍ចៀរកៅស៊ូរបស់ចិន ។
ក្រុមការងារស្ថាប័នវិទ្យាសាស្ត្រ និងកសិកម្មបានអភិវឌ្ឍន៍បច្ចេកវិទ្យាឧបករណ៍ចៀរជ័រកៅស៊ូជាបន្តបន្ទាប់ ហើយមិនយូរទេ អ្នកប្រើប្រាស់នឹងអាចពិនិត្យមើលវាចៀរជ័រតាមរយៈទូរស័ព្ទដៃ និងមើលឃើញចម្ការកៅស៊ូយ៉ាងច្បាស់ពីចម្ងាយ ដោយអ្នកប្រើប្រាស់ពុំចាំបាច់ធ្វើដំណើរមកចម្ការកៅស៊ូ ។ យើងនឹងបំពាក់បច្ចេកវិទ្យា AI បន្ថែមទៀត ដើម្បីវាអាចធ្វើការក្នុងចម្ការកៅស៊ូមានប្រសិទ្ធភាព ១០០% ៕










