អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញបានចេញលិខិតជូនដំណឹងនៅថ្ងៃទី២៦ មីនា នេះបង្គាប់ទៅកាន់លោក ឌួង ឆាយ ដែលមានឈ្មោះកំណើតថា ឌួង ឧត្តមឆវិន ត្រូវធ្វើការអនុវត្តដោយស្ម័គ្រចិត្តដោយប្រគល់កូនស្រីទៅកាន់ ដេត ម៉ាលីណា. ក្នុងសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថាអាជ្ញាសាលាបានចុះអនុវត្តដីកាសម្រេចនេះម្តងរួចមកហើយ ប៉ុន្តែមិនបានសម្រេច ខណៈអំពើដែលមិនអនុវត្តសេចក្តីសម្រេចរបស់តុលាការជាបទល្មើសព្រហ្មទណ្ឌ។ 
ក្នុងលិខិតជូនដំណឹងពីលោក ខាំ សុមករា អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថាដីកាសម្រេចចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ របស់សាលាឧទ្ធរណ៍ភ្នំពេញ បានចូលជាស្ថាពរ និងមានអានុភាពអនុវត្តតាមផ្លូវច្បាប់។ ប៉ុន្តែកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ អាជ្ញាសាលាបានចុះអនុវត្តដីកាសម្រេចនេះម្តងរួចមកហើយ ប៉ុន្តែការអនុវត្តនេះ មិនបានសម្រេច។ 
អំពើដែលមិនអនុវត្តសេចក្តីសម្រេចរបស់តុលាការគឺជាបទល្មើសព្រហ្មទណ្ឌ “បទធ្វើឱ្យបាត់ជំនឿ លើសេចក្តីសម្រេចរបស់តុលាការ” ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ខែ ទៅ ៦ ខែ និងពិន័យជាប្រាក់ ពីមួយសែនរៀល ទៅមួយលាន រៀល ស្របតាមមាត្រា ៥២៣ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យឈ្មោះ លោក ឌួង ឆាយ ត្រូវធ្វើការអនុវត្តដោយស្ម័គ្រចិត្តដោយប្រគល់កូនស្រីឈ្មោះ ឌួង រាជនីគុជ ភេទស្រី កើតថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ឱ្យទៅឈ្មោះដេត ម៉ាលីណា ដែលត្រូវជាម្តាយ និងជាម្ចាស់បំណុលនៃការអនុវត្ត ឬប្រគល់ឱ្យមក អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ តាមអំណាចនៃដីកាសម្រេចចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ របស់សាលាឧទ្ធរណ៍ភ្នំពេញ ឱ្យបានឆាប់រហ័សក្នុងរយៈពេល៧ថ្ងៃ គិតចាប់ពី ថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោងដប់ប្រាំពីរនិងសូន្យនាទីជាកំហិត។ 
ក្នុងករណីដែលលោក ឌួង ឆាយ ពុំព្រមធ្វើការអនុវត្តដោយស្ម័គ្រចិត្ត និងមិនអនុវត្តតាមអំណាចនៃដីកាសម្រេចខាងលើនោះទេអាជ្ញាសាលា នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុតហើយលោក ឌួង ឆាយ ត្រូវធ្វើការអនុវត្តឱ្យខានតែបាន៕










