ប្រទេសអង់គ្លេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាអង់គ្លេសបានអភិវឌ្ឍន៍បច្ចេកវិទ្យាដ៏ទំនើបសម្រាប់ការផលិតពេជ្រនៅលើអវកាស ហើយក្រុមហ៊ុនសង្ឃឹមថា នឹងអាចផលិតគ្រាប់ពេជ្របរិសុទ្ធ មិនកខ្វក់ និងមានគុណភាពល្អ ទុកប្រើប្រាស់ក្នុងឧស្សាហកម្មផ្សេងៗ ។ ក្រៅពីនេះ ពេជ្រដែលផលិតលើអវកាសនឹងអាចបង្កើតជាវត្ថុផ្សេងៗក្នុងលំហរ ដែលអាចប្រើប្រាស់ជាប្រយោជន៍ដល់មនុស្ស នាថ្ងៃអនាគត ។

ពេជ្រ គឺជាវត្ថុរឹងបំផុតលើពិភពលោក ដែលអាចយកទៅប្រើប្រាស់ជាមួយវត្ថុដុសខាត់ និងឧបករណ៍កាត់តម្រឹម រួមទាំងមានប្រយោជន៍សម្រាប់ប្រើប្រាស់ក្នុងការរុករកលើអវកាស ដូចជា ៖ ប្រើជាឧបករណ៍កាត់អាចទប់ទល់នឹងកំដៅខ្លាំងលើអាចម៍ផ្កាយ ។ ហេតុនេះ Space Forge គឺជាក្រុមហ៊ុនស្រាវជ្រាវអវកាសមានគោលដៅបញ្ជូនបន្ទប់ពិសោធន៍ដំបូងទៅកាន់លំហរ ដើម្បីសាកល្បងផលិតគ្រាប់ពេជ្រ ឬដាំពេជ្រលើលំហរគ្មានទម្ងន់ ។ ក្រុមហ៊ុនសង្ឃឹមថា នឹងទទួលបានគ្រាប់ពេជ្របរិសុទ្ធ និងមិនកខ្វក់ដូចពេជ្រលើផែនដី ។
ក្រុមហ៊ុន Space Forge បញ្ជាក់ថា ការផលិតពេជ្រនេះ គឺធ្វើឡើងក្នុងបន្ទប់ពិសោធន៍លើអវកាស ដែលបន្ទប់នេះដើរតួនាទីដូចគ្នានឹងមីក្រូវ៉េវពិសេស ។ ក្រុមហ៊ុននឹងដាក់សារធាតុប្រតិកម្ម២ប្រភេទក្នុងបន្ទប់ពិសោធន៍ រួចហើយ បញ្ចូលអ៊ីដ្រូសែន និងមេតាន ។ បន្ទាប់មក ពេលបើកបន្ទប់សោធន៍ ក្រុមហ៊ុននឹងទទួលបានសារធាតុ Plasma ជាច្រើនក្នុងនោះ ដែលវានឹងជួយឱ្យឧស្ម័ន និងសារធាតុទាំង២ប្រភេទ មានប្រតិកម្មជាមួយគ្នាក្លាយជាស្រទាប់ៗ រហូតបង្កើតជាគ្រាប់ពេជ្រមានគុណភាពល្អ ។.png)
គ្រាប់ពេជ្រមានគុណភាពល្អទាំងនេះ ពុំមែនសម្រាប់ផលិតជាគ្រឿងអលង្ការទេ ប៉ុន្តែក្រុមហ៊ុននឹងយកវាទៅប្រើជាចំហាយកំដៅក្នុងឆ្នាំងសាករថយន្តអគ្គិសនី ឬធ្វើជាឧបករណ៍ពង្រីកសេវាវិទ្យុក្នុងប្រព័ន្ធទូរគមនាគមន៍ និងប្រើប្រាស់ក្នុងឧស្សាហកម្មផ្សេងៗ ។ ប៉ុន្តែក្រុមហ៊ុនប្រឈមនឹងបញ្ហាមួយ តើគួរធ្វើដូចម្តេច ទើបអាចយកគ្រាប់ពេជ្រផលិតនៅអវកាសមកកាន់ផែនដីយ៉ាងមានសុវត្ថិភាព? ក្រុមហ៊ុនបានបង្កើតស្រទាប់ការពារកំដៅបែប Origami ហៅថា «Pridwen» ដែលឈ្មោះនេះ គឺដាក់តាមគ្រឿងសឹករបស់ព្រះមហាក្សត្រអង់គ្លេស ព្រះនាម Arthur ដែលល្បីល្បាញក្នុងប្រវត្តិសាស្ត្រជាវីវៈបុរសសម័យមជ្ឈិម ។
ស្រទាប់ការពារកំដៅនេះនឹងជួយការពារគ្រាប់ពេជ្រដែលផលិតលើអវកាស មិនឱ្យទទួលកំដៅខ្លាំងពេលបញ្ជូនមកផែនដី ។ ជំហានដំបូង គ្រាប់ពេជ្រដែលបានពីអវកាសនឹងត្រូវប្រើប្រាស់នៅមជ្ឈមណ្ឌលបង្ហោះរ៉ុក្កែតនៅអាមេរិក នៅខែមេសា ឆ្នាំ២០២៥ ។ បន្ទាប់មក ក្រុមហ៊ុននឹងបញ្ជូនគ្រាប់ពេជ្រទាំងនេះទៅប្រើប្រាស់ក្នុងឧស្សាហកម្មផលិតវត្ថុផ្សេងៗ នាថ្ងៃអនាគត ៕










