នាព្រឹកថ្ងៃទី២១ ខែមីនា ក្នុងពិធីបំពាក់ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន សម្តេចតេជោហ៊ុន សែន បានពន្យល់ច្បាស់ៗ ជុំវិញមតិមហាជនដែលមានភាពងឿងឆ្ងល់ ហេតុអ្វីមិនមានការបំពាក់ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ជូនសម្តេចក្រឡហោម ស ខេង។

សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា៖”សម្តេច ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតក្នុងក្របខណ្ឌស៊ីវិល។ កាលពីអំឡុងឆ្នាំ១៩៩៧-១៩៩៨ សម្តេច ស ខេង ចង់ត្រឹមតែពាក់សក្តិ៥ប៉ុណ្ណោះ”។

ដោយឡែកសម្តេច ទៀ បាញ់ ធ្លាប់អតីតរដ្ឋមន្ត្រិក្រសួងការពារជាតិ រីឯសម្តេច ម៉ែន សំអន ជាអតីតរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ទំនាក់ទំនងព្រឹទ្ធសភា និងរដ្ឋសភា ស្ថិតក្នុងក្របខណ្ឌយោធា។

គួរបញ្ជាក់ថា តាំងពីឆ្នាំ២០០៩មក មានតែឥស្សរជន៥រូបប៉ុណ្ណោះ ដែលទទួលបានឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ រួមមាន សម្តេច ជា ស៊ីម, សម្តេច ហេង សំរិន, សម្តេច ហ៊ុន សែន, សម្តេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន៕