ជុំវិញភាពចម្រូងចម្រាសការប្រកួតសម្រស់បុរសឯកកម្ពុជាមួយត្រូវរងនូវភាពវឹកវរយ៉ាងខ្លាំងដោយផេកប្រទេសក្បែរខាងនិងអ្នកចាប់អារម្មណ៍ខាងប្រកួតសម្រស់បញ្ចេញមតិសើចចំអក។ រឿងនេះ ឆន ស្រីណេត TOP5 Miss Universe Cambodia 2024 បាននិយាយថាខ្មែរល្បីបាត់ព្រោះខាងលិចផងខាងកើតផងគេយកទៅលេងសើចយំខណៈនាងថារឿងខ្លះត្រូវនិយាយហើយបើមានផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះជាតិ។

នៅថ្ងៃទី១៩ នេះ ឆន ស្រីណេត បានសរសេរនៅលើបណ្តាញសង្គមថា «អ្នកខ្លះថាឱ្យខ្ញុំ ប្អូនប្រយ័ត្នឈរជើងក្នុងវិស័យនេះមិនបានយូរ ដោយសារខ្ញុំ Share ពីរឿងគេមកសើចចំអកប៉ះជាតិឯង មើយងាយជាតិឯង ក្នុងនាមខ្ញុំជាកូនខ្មែរខ្ញុំចេះឈឺរអាល មិនមែនគិតតែពីខ្លួនឯងហើយមិនហ៊ាននិយាយមិនហ៊ានចេញមតិដើម្បីការពាកេរ្តិ៍ឈ្មោះប្រទេសជាតិខ្លួនឯងទេ»។ TOP5 Miss Universe Cambodia 2024 រូបនេះបានបន្តថា «ចង់បញ្ជាក់ រឿងជាតិធំសម្រាប់ការឈរជើងក្នុងវិស័យណាមួយ ឬ បុគ្គលណាម្នាក់ ពេលខ្លះរឿងខ្លះត្រូវនិយាយៗហើយ បើវាមានផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះជាតិ»។
មុននឹងការបង្ហោះនេះ ឆន ស្រីណេត បានចែករំលែកពីផេកវៀតណាមមួយដែលមានតាមដានជាង៨លាននាក់ពីរូបភាពការប្រកួតបុរសឯកកម្ពុជាក្នុងកម្មវិធីមួយដែលកំពុងល្បីខ្លាំងដោយនាងបានដាក់ខ្លឹមសារថា «គេយកទៅសើចយំឱ្យខ្មែរយើងទាំង Page ធំ Page តូច ខាងលិចផងខាងកើតផងគេយកទៅលេងសើចយំឱ្យ ល្បីបាត់ហើយខ្មែរ»។
មិនត្រឹមតែ ស្រីណេត ប៉ុណ្ណោះទេដែលមានចិត្តរង្កៀសយ៉ាងខ្លាំងចំពោះកម្មវិធីសម្រស់មួយដែលទើបបង្កើតថ្មីៗនេះហើយរងនូវភាពចម្រូងចម្រាសយ៉ាងខ្លាំងនៅលើបណ្តាញសង្គមក្នុងនោះតារាចម្រៀង ឃុន វុត្ថា ហ៊ាទី និងមានទស្សនិកជនជាច្រើនទៀតមិនពេញចិត្តចំពោះការរៀបចំប្រកួតសម្រស់ប៉ុន្តែជ្រើសយកបេក្ខភាពហាក់មិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅឡើយ។
ឆន ស្រីណេត គឺជាបវរកញ្ញាមានដើមកំណើតខ្មែរកម្ពុជាក្រោមដែលទទួលបានប្រជាប្រិយភាពតាមរយៈការប្រកួតសម្រស់ Miss Universe Cambodia 2021 ដោយជាប់លំដាប់រងទី១។ ក្នុងឆ្នាំ២០២៤ នាងបានសម្រេចចិត្តចូលប្រកួតវិស័យបវរកញ្ញាម្តងទៀតជា TOP5 Miss Universe Cambodia 2024។ ក្នុងអាជីពជាបវរកញ្ញា ឆន ស្រីណេត ធ្លាប់តំណាងកម្ពុជាម្តងក្នុងនាមជា Miss Tourism Cambodia 2022 ៕










