ប្រទេសឥណ្ឌូណេស៊ី ៖ ប្រទេសឥណ្ឌូណេស៊ីប្រឈមនឹងបញ្ហាក្រពើខាំពលរដ្ឋបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ និងស្លា.ប់ ច្រើនបំផុតលើពិភពលោក ។ ជាក់ស្តែង កាលពីឆ្នាំ២០២៤ ក្រពើបានខាំពលរដ្ឋឥណ្ឌូណេស៊ី រហូតដល់១៧៩លើក បណ្តាលឱ្យពលរដ្ឋស្លា.ប់ ចំនួន៩២នាក់ ដែលធ្វើឱ្យពលរដ្ឋ និងអ្នកជំនាញអំពាវនាវទៅរដ្ឋាភិបាលជួយដោះស្រាយបញ្ហា មុនពេលបញ្ហាកាន់តែធ្ងន់ធ្ងរជាងនេះ ។

បណ្តាញសង្គមឥណ្ឌូណេស៊ីបានចែកចាយរូបភាពក្រពើខាំមនុស្សកាន់តែច្រើន រហូតធ្វើឱ្យពលរដ្ឋឥណ្ឌូណេស៊ីភ័យខ្លាចទូទាំងប្រទេស ជាពិសេស ពលរដ្ឋរស់នៅភូមិក្បែរទន្លេ ដូចជា ៖ ភូមិជាច្រើនរបស់ខេត្តសុឡាវ៉េស៊ី ស្ថិតនៅតាមមាត់ទន្លេប៊ូឌុងប៊ូឌុង សម្បូរក្រពើខាំមនុស្សណាស់ ដោយសារភូមិទាំងនេះជាចំណុចទន្លេប៊ូឌុងប៊ូឌុង ភ្ជាប់គ្នាជាមួយទឹកសមុទ្រ ។
ពលរដ្ឋរស់នៅភូមិទាំងនេះរស់នៅក្បែរក្រពើទឹកប្រៃយូរមកហើយ ពួកគេថែមទាំងមានតួនាទីជួយអភិរក្សក្រពើទៀតផង ពីព្រោះវាជាសត្វដែលរដ្ឋាភិបាលឥណ្ឌូណេស៊ីការពារ និងហាមសម្លាប់ ។ ប៉ុន្តែរយៈពេល១២ឆ្នាំមកនេះ ក្រពើបានខាំមនុស្សកាន់តែច្រើន ដែលធ្វើឱ្យអ្នករស់នៅមាត់ទន្លេភ័យខ្លាច និងនិយាយពីក្រពើខាំជាញឹកញាប់ ។ ក្រពើជាច្រើនក្បាលរស់នៅក្នុងទន្លេ និងប្រឡាយតូចៗ ដែលក្មេងៗចូលចិត្តហែលទឹកលេង ។

ស្ត្រីវ័យកណ្តាលម្នាក់ឈ្មោះ មូនិប៉ា ត្រូវបានក្រពើធំ១ក្បាល ប្រវែង៤ម៉ែត្រ ស្ទុះមកខាំពេលយកសំរាមទៅបោះចោលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះ ។ ពេលឮសំឡេងស្រែកយំ ស្វាមីរបស់ស្ត្រីរូបនេះក៏មកជួយជីវិតប្រពន្ធ រួចផុតពីការវាយប្រហាររបស់ក្រពើ ប៉ុន្តែស្ត្រីរូបនេះមានស្នាមរបួសពេញរាងកាយទាំងអស់ និងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជាច្រើនខែ ។ ក្រោយកើតហេតុការណ៍អាក្រក់ ក្រុមគ្រួសារនេះបានហាមឃាត់កូនចៅមិនឱ្យដើរទៅបរិវេណក្រោយផ្ទះ និងទៅក្បែរទន្លេទេ ។
រយៈពេល១២ឆ្នាំកន្លងមក ឥណ្ឌូណេស៊ីបានប្រឈមនឹងបញ្ហាក្រពើខាំមនុស្សកាន់តែច្រើនឡើងៗ ដោយសារមានចម្ការដូងប្រេងនៅបរិវេណមាត់ទន្លេ ហើយក្រុមហ៊ុនដូងប្រេងខ្លះបានជីកប្រឡាយទឹកបន្ថែមទៀត ដើម្បីតភ្ជាប់ជាមួយទន្លេប៊ូឌុងប៊ូឌុង ។ ដូច្នេះ ធ្វើឱ្យក្រពើជាច្រើនក្បាលបង្ហាញខ្លួនក្បែរភូមិកាន់តែច្រើន ដោយសារវាហែលពីទន្លេចូលក្នុងប្រឡាយទាំងនេះ ។ ពលរដ្ឋបានចែកវេនគ្នាយាមកាមក្រពើដើម្បីកុំឱ្យវាធ្វើបាប ពីព្រោះពេលខ្លះ ក្រពើបានហែលទៅកន្លែងចិញ្ចឹមបង្គា និងត្រី ។.png)
គួរបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានអភិរក្ស និងការពារក្រពើទឹកប្រៃ តាំងពីឆ្នាំ១៩៩០ មានន័យថា ពលរដ្ឋពុំអាចសម្លា.ប់ ក្រពើទេ ទើបធ្វើឱ្យឥណ្ឌូណេស៊ីមានក្រពើកាន់តែច្រើន នាពេលបច្ចុប្បន្ន ។ ចុះលោកអ្នកវិញ គិតយ៉ាងណាដែរ បើនៅប្រទេសកម្ពុជាសម្បូរក្រពើដូចឥណ្ឌូណេស៊ី ហើយយើងពុំអាចសម្លាប់វាបាន ព្រោះខុសច្បាប់ តើគួរធ្វើដូចម្តេច?










