ប្រទេសជប៉ុន ៖ បច្ចុប្បន្ន ប្រទេសជប៉ុនខ្វះខាតកម្លាំងពលកម្មជាច្រើនផ្នែក រហូតធ្វើឱ្យក្រុមហ៊ុននានាព្យាយាមបង្កើតគោលការណ៍ថ្មីដើម្បីលើកទឹកចិត្តបុគ្គលិកឱ្យធ្វើការជាមួយក្រុមហ៊ុនយូរអង្វែង ខណៈក្រុមហ៊ុនខ្លះជួលបុគ្គលិកបរទេសមកធ្វើការ ដោយសារអត្រាកំណើតនៅជប៉ុនធ្លាក់ចុះខ្លាំងធ្វើឱ្យចំនួនមនុស្សចាស់កើនឡើង ។ នៅតាមភោជនីយដ្ឋានជាច្រើនក៏ខ្វះបុគ្គលិកដែរ ដូចជា ៖ ផ្នែករត់តុ ទើបភោជនីយទាំងនេះប្រើប្រាស់ឆ្មាយន្តរត់តុជំនួសមនុស្ស ដើម្បីកាត់បន្ថយការចំណាយដើមទុន និងដោះស្រាយបញ្ហាខ្វះកម្លាំងពលកម្ម ។
ការប្រើប្រាស់ឆ្មាយន្តលើកម្ហូបអាហារក្នុងភោជនីយដ្ឋានជប៉ុន មិនមែនជាការប្រើប្រាស់បណ្តោះអាសន្នទេ ប៉ុន្តែភោជនីយដ្ឋានទាំងនេះនឹងប្រើប្រាស់ឆ្មាយន្តយូរអង្វែង ។ វាបង្ហាញឱ្យឃើញពីការផ្លាស់ប្តូរក្នុងផ្នែកសេវាកម្មអតិថិជន ដែលយកគ្រឿងយន្តមកធ្វើការជំនួសមនុស្ស ។

ក្រុមហ៊ុនស្រាវជ្រាវ Fuji Keizai Co. សន្និដ្ឋានថា នៅឆ្នាំ២០៣០ ជប៉ុននឹងប្រើប្រាស់មនុស្សយន្តច្រើនក្នុងផ្នែកសេវាកម្មអតិថិជន ឬលើសឆ្នាំ២០២៤ រហូតដល់៣ដង ដោយសារជប៉ុនខ្វះខាតកម្លាំងពលកម្មខ្លាំង និងកំណើនពលរដ្ឋអាយុច្រើន ។ នៅឆ្នាំ២០៤០ ជប៉ុននឹងខ្វះខាតកម្លាំងពលកម្ម រហូតដល់១១លាននាក់ ជាពិសេស ផ្នែកសេវាកម្ម និងការថែទាំមនុស្សចាស់ ។
.png)
Service Robots ឬមនុស្សយន្តផ្នែកសេវាកម្ម កំពុងក្លាយជាដំណោះស្រាយបញ្ហានេះ ដោយសារវាអាចធ្វើការដដែលៗ មិនចេះនឿយហត់ ហើយវាអាចធ្វើការជាមួយមនុស្សបានល្អទៀតផង ។ មនុស្សយន្តទាំងនេះពុំបានដណ្តើមការងារមនុស្សទេ ប៉ុន្តែវាជួយបំពេញការងារដែលខ្វះខាតកម្លាំងមនុស្ស និងបង្កើនប្រសិទ្ធភាពការងារ ។
Skylark Holdings គឺជាភោជនីយដ្ឋានដ៏ធំបំផុតនៅជប៉ុន បានប្រើប្រាស់មនុស្សយន្តជាច្រើនគ្រឿងក្នុងភោជនីយដ្ឋាន គឺមានមនុស្សយន្តជាង៣,០០០គ្រឿង សម្រាប់ប្រចាំការនៅភោជនីយដ្ឋានធំ និងមនុស្សយន្តជាង២,០០០គ្រឿងទៀត ប្រចាំការនៅភោជនីយដ្ឋានទូទាំងប្រទេស ។ ការប្រើប្រាស់មនុស្សយន្តធ្វើឱ្យភោជនីយដ្ឋាននេះអាសន្សំសំចៃប្រាក់ រហូតដល់ជាង៣ម៉ឺនដុល្លារអាមេរិកក្នុង១ឆ្នាំ ។

លើសពីនេះ មនុស្សយន្តសេវាកម្ម មិនមែនសម្រាប់ប្រើប្រាស់ក្នុងភោជនីយដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែគេបានប្រើប្រាស់វាក្នុងផ្នែកថែទាំមនុស្សចាស់ផងដែរ ស្របពេលរដ្ឋាភិបាលជប៉ុនសន្និដ្ឋានថា ជប៉ុននឹងខ្វះបុគ្គលិកថែទាំមនុស្សចាស់ រហូតដល់៥៧ម៉ឺននាក់ នៅឆ្នាំ២០៤០ ។
កន្លែងថែទាំមនុស្សចាស់ ឈ្មោះ Flos Higashi-Kojiya នៅទីក្រុងតូក្យូ បានប្រើប្រាស់មនុស្សយន្ត Hug ដើម្បីជួយមនុស្សចាស់ដែលអង្គុយលើរទេះ ឱ្យក្រោកឈរឡើងដោយគ្មានគ្រោះថ្នាក់ ហើយមនុស្សយន្តនេះត្រូវបានបំពាក់បច្ចេកវិទ្យាតាមដានការសម្រាករបស់មនុស្សចាស់ ៕










