ក្នុងមួយឆ្នាំៗ ប្លាស្ទិករាប់លានតោនត្រូវបានធ្លាក់ចូលក្នុងបាតសមុទ្រ ដែលជាទូទៅត្រូវការរយៈពេលប្រហែល៥០០ឆ្នាំទើបអាចរលាយអស់ និងមិនអាចបម្លែងទៅជាសារជាតិល្អសម្រាប់ភពផែនដីបាននោះទេ។ ផ្ទុយទៅវិញនៅពេលដែលកាកសំណល់ប្លាស្ទិកទាំងនោះនៅក្នុងទឹកសមុទ្រយូរៗទៅ វានឹងបំបែកខ្លួនទៅជាមីក្រូប្លាស្ទិកតូចៗ ដែលអាចគំរាមកំហែងដល់បរិស្ថាន និងជីវៈចម្រុះទាំងឡាយនៅក្នុងសមុទ្រ។
.jpg)
តាមការចុះផ្សាយដោយផ្ទាល់របស់វិទ្យាស្ថានដែលមានឈ្មោះថា Riken ដែលជាក្រុមស្រាវជ្រាវដ៏ធំមួយនៅប្រទេសកាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បាននិយាយថា ឥឡូវនេះពួកគេបានរកឃើញវិធីបង្កើតនូវប្រភេទប្លាស្ទិកម្យ៉ាង ដែលអាចរលាយ និងបម្លែងខ្លួនដោយមិនប៉ះពាល់ដល់បរិស្ថាននោះទេ។ តើប្លាស្ទិកនេះអាចរលាយ និងបម្លែងខ្លួនឆាប់រហ័សពិតមែន រឺទេ?

ដើម្បីដោះស្រាយបញ្ហាដែលប៉ះពាល់ដល់បរិស្ថាននៅលើដី និងក្នុងទឹក វិទ្យាស្ថាន Riken បានបង្កើតប្រភេទប្លាស្ទិកម្យ៉ាងដែលមានភាពរឹងមាំគ្រប់គ្រាន់សម្រាប់តម្រូវការរបស់មនុស្សប្រចាំថ្ងៃ ប៉ុន្តែនៅពេលគេឈប់ប្រើប្រាស់ វានឹងរលាយត្រឹមរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះដោយការដាក់ត្រាំវានៅក្នុងទឹកអំបិល រឺទឹកសមុទ្រ។ មិនត្រឹមតែងាយរលាយប៉ុណ្ណោះទេ ប៉ុន្តែវានឹងមិនបន្សល់នូវសារធាតុមីក្រូប្លាស្ទិក ថែមទាំងផ្ដល់អោយដីសារជាតិម្យ៉ាងដែលស្រដៀងនឹងជីទៀតផង។.jpg)
ការរកឃើញនេះត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះ ដោយ Riken រួមសហការជាមួយនឹងសកលវិទ្យាល័យនៃទីក្រុងតូក្យូ (University Of Tokyo) ។ លោក Takuzo Aida ដែលបានដឹកនាំគម្រោងស្រាវជ្រាវនេះបាននិយាយថា “ ការបង្កើតប្លាស្ទិកប្រភេទថ្មីនេះ នឹងផ្ដល់អោយនូវថង់ប្លាស្ទិករឹងមាំ អាចកែច្នៃឡើងវិញបាន ព្រមទាំងរលាយដោយមិនបន្សល់នូវមីក្រូប្លាស្ទិកដល់ផ្ទៃដីនោះទេ” ។

យោងតាមក្រុមអ្នកវិទ្យសាស្រ្តខាងលើបានបង្ហាញថា លក្ខណៈពិសេសរបស់វាថាមានដូចជា៖ ងាយនឹងរលាយបន្ទាប់ពីត្រូវទឹកសមុទ្រ, បញ្ចេញនូវសារធាតុផូស្វ័រ និងអាសូតទៅក្នុងដីបន្ទាប់ពីរលាយ ដែលសារជាតិទាំងនេះមានលក្ខណៈស្រដៀងនឹងជីដែរ ព្រមទាំងងាយស្រួលយកទៅកែច្នៃទៅតាមតម្រូវការដែលគេចង់បានទៀតផង។
គិតមកត្រឹមខែមិនា ឆ្នា២០២៥នេះ វិទ្យាស្ថានRiken កំពុងធ្វើការពិភាក្សា និងស្រាវជ្រាវជាមួយនឹងសកលវិទ្យាល័យនៃទីក្រុងតូក្យូបន្ថែម ដើម្បីដាក់វាអោយប្រើប្រាស់នៅក្នុងវិស័យធំៗមួយចំនួនដូចជា៖ ក្នុងផ្នែកវេជ្ជសាស្រ្ត, វិស័យកសិកម្មជាដើម ដើម្បីពិសោធន៍មើលពីគុណភាព និងប្រសិទ្ធភាព មុននឹងផលិតជាទ្រង់ទ្រាយធំសម្រាប់ដាក់អោយប្រើប្រាស់បានទូលំទូលាយជាសកលនៅលើគ្រប់វិស័យ៕










