បន្ទាប់ពីបង្ហាញថាកំពុងមើលចិត្តគ្នាក្នុងកម្មវិធីសម្ភាសន៍កាលពីកន្លងមកនេះកីឡាករបាល់ទាត់ Nick Taylor បានផ្តល់ការភ្ញាក់ផ្អើលក្នុងកម្មវិធីជួបជុំអ្នកគាំទ្រនិងបានលត់ជង្គង់ស្នើសុំតារាចម្រៀង រ៉ាប៊ី ហើយជាមួយនឹងចម្លើយយល់ព្រមដែលអ្នកទាំងពីរប្រហែលជាគ្រោងចូលរោងជ័យឆាប់ៗខាងមុខ។
កាលពីថ្ងៃទី១៥ តារាចម្រៀងឯករាជ្យ រ៉ាប៊ី បានរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រលើកដំបូងដោយមានទាំងច្រៀងរាំសម្តែងនិងឆ្លើយសំណួរផ្សេងៗពីអ្នកគាំទ្រក្នុងអាជីពការងាររបស់ខ្លួន។ អ្វីដែលលើសពីការជួបជុំអ្នកគាំទ្រហើយមានភាពភ្ញាក់ផ្អើលពេញកម្មវិធីនោះគឺជាកីឡាករបាល់ទាត់កាត់អាម៉េរិក Nick Taylor បានយកចិញ្ចៀនលត់ជង្គង់សុំ រ៉ាប៊ី រៀបការតែម្តង។ តារាដែលចូលរួមកម្មវិធីមានដូចជា យ៉ារ៉ូ ឆាឆា បងរិទ្ធអឿនឈឿន ជាដើមរួមទាំងអ្នកគាំទ្រជាច្រើនជាងមានការរំភើបចិត្តយ៉ាងខ្លាំងចំពោះទិដ្ឋភាពនេះ។.png)
ការស្នើសុំរៀបការ Nick បាននិយាយថាលោកចង់ចំណាយក្នុងជីវិតរបស់ខ្លួនជាមួយនឹង រ៉ាប៊ី ដោយកីឡាករបាល់ទាត់រូបនេះបានទាញប្រអប់ចិញ្ចៀនពីកាប៉ៅអាវហើយលត់ជង្គង់ស្នើសុំនាងតែម្តងខណៈមានសំឡេងសាទរយ៉ាងច្រើនពីអ្នកចូលរួម។ រ៉ាប៊ី និង Nick ក៏បានផ្តល់ស្នាមថើបយ៉ាងកក់ក្តៅជូនគ្នាផងដែរ។
គេចាំបានថា កាលពីខែធ្នូ ឆ្នាំ២០២៤ រ៉ាប៊ី បានចូលរួមក្នុងកម្មវិធី 3Fun នាងធ្លាប់បានបញ្ជាក់ថាកន្លងមករូបភាពមង្គលការជាមួយ Nick គឺសុទ្ធតែជារឿងការងារដែលមានទស្សនិកជនមួយចំនួនគិតថាអ្នកទាំងពីររៀបការហើយចំណែកឯផ្កាដែលម្តាយរបស់នាងទទួលបានពីគ្រួសារ Nick គឺជាផ្ការាប់អានគ្នាមិនមែនក្នុងន័យចូលសួរនាងនោះទេ។ ទោះយ៉ាងណា រ៉ាប៊ី ក៏បានបញ្ជាក់ថារួមការងារជាមួយកីឡាករបាល់ទាត់រូបនេះក្នុងនោះក៏ មានស្នេហាផងដែរ ដែលកំពុងស្វែងយល់ចិត្តគ្នា តែមិនទាន់ស៊ីជម្រៅខ្លាំងនោះទេ។
រ៉ាប៊ី ក៏បានរៀបរាប់ពីដំណើរដែលនាងបានស្គាល់ Nick គឺតាមរយៈបទ «រាំញ័រ» ធ្វើឱ្យមានការចាប់អារម្មណ៍គ្នាទៅវិញទៅមកហើយស្គាល់គ្នាបាន កន្លះឆ្នាំ ទើប Nick បានសារភាពថាស្រលាញ់នាង ខណៈនាងក៏បើកឱកាសឱ្យកីឡាកររូបនេះក្នុងរយៈពេល២ឆ្នាំនៃការស្វែងយល់ចិត្តគ្នា ហើយខាងប្រុសមានបំណងចង់ស្គាល់គ្នា៣ឆ្នាំព្រោះមិនចង់រៀបការហើយបែកគ្នាវិញ។ រ៉ាប៊ី ថាតួលេខដែលដាក់ចំនួន២ឆ្នាំនៃការស្វែងយល់ចិត្តគ្នាគិតមកទល់ពេលនេះនៅសល់១ឆ្នាំទៀតទើបច្បាស់ពីទំនាក់ទំនងរបស់ពួកគេអាចទៅមុខជាមួយគ្នាបានឬអត់។
រ៉ាប៊ី បាននិយាយដែរថា ការញ៉ែរបស់ Nick ជាបុរសបរទេសគឺខុសគ្នាដាច់ពីការញ៉ែបុរសខ្មែរ ហើយកីឡាកររូបនេះមានភាពនឹងធឹងនៅក្នុងខ្លួនទើបនាងបើកឱកាសក្នុងការស្វែងយល់ចិត្តគ្នា៕










