ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មាន Reuters រាយការណ៍ថា សហរដ្ឋអាមេរិកបានប្រកាសរឹតបន្តឹងទិដ្ឋាការ (Visa) ឬលុបចោលទិដ្ឋាការរបស់មន្ត្រីរដ្ឋាភិបាលថៃបច្ចុប្បន្ន និងអតីតមន្ត្រីរដ្ឋាភិបាលថៃ ដែលពាក់ព័ន្ធនឹងការបណ្តេញជនជាតិអ៊ុយគូ ៤០នាក់ ទៅប្រទេសចិន ។ មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានដាស់តឿនរដ្ឋាភិបាលថៃ ថា ជនជាតិអ៊ុយគូទាំងនេះប្រឈមនឹងការធ្វើបា.ប និងជួបគ្រោះថ្នា.ក់ ពេលពួកគេធ្វើដំណើរទៅដល់ចិន ប៉ុន្តែរដ្ឋាភិបាលថៃពុំស្តាប់ និងបញ្ជូនជនជាតិអ៊ុយគូទៅចិន តាមការស្នើសុំរបស់រដ្ឋាភិបាលចិន ។

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio លើកឡើងថា លោកបានបញ្ជាឱ្យរឹតបន្តឹងលើការផ្តល់ទិដ្ឋាការ និងលុបចោលទិដ្ឋាការរបស់មន្ត្រីរដ្ឋាភិបាលថៃទាំងបច្ចុប្បន្ន និងអតីតមន្ត្រីរដ្ឋាភិបាលថៃ ដែលពាក់ព័ន្ធនឹងការបញ្ជូនជនជាតិអ៊ុយគូ ចំនួន៤០នាក់ ទៅប្រទេសចិន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។ អាមេរិកនឹងអនុវត្តវិធានការនេះចំពោះសមាជិកគ្រួសាររបស់មន្ត្រីរដ្ឋាភិបាលថៃផងដែរ ។
.png)
លោក Marco Rubio បន្តថា វិធានការនេះបង្ហាញឱ្យឃើញថា រដ្ឋាភិបាលអាមេរិកប្រឆាំងនឹងការព្យាយាមរបស់ចិន ដែលដាក់សម្ពាធរដ្ឋាភិបាលប្រទេសនានាឱ្យបញ្ជូនជនជាតិអ៊ុយគូទៅចិន ។ ការបញ្ជូនជនជាតិអ៊ុយគូទៅចិន នឹងធ្វើឱ្យពួកគេរងនូវទុក្ខទោស និងបាត់ខ្លួនដោយគ្មានមូលហេតុ ហើយអាមេរិកសង្ឃឹមថា ការលុបចោលទិដ្ឋាការមន្ត្រីរដ្ឋាភិបាលថៃ គឺជាសញ្ញាដាស់តឿនរដ្ឋាភិបាលថៃ និងប្រទេសនានាកុំបញ្ជូនជនភៀសខ្លួនទៅចិន ។.png)
ទោះជាមន្ត្រីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានដាស់តឿនរដ្ឋាភិបាលថៃ ថា ជនជាតិអ៊ុយគូប្រឈមនឹងការធ្វើបាប និងជួបគ្រោះថ្នាក់ ពេលពួកគេធ្វើដំណើរទៅដល់ចិន ប៉ុន្តែរដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ពុំស្តាប់ និងនៅតែបញ្ជូនជនជាតិអ៊ុយគូទៅចិន តាមការស្នើសុំពីរដ្ឋាភិបាលចិន ។ ប្រទេសកាណាដា និងអាមេរិក បានសុំជនជាតិអ៊ុយគូទាំង៤០នាក់ពីរដ្ឋាភិបាលថៃ ដើម្បីឱ្យពួកគេរស់នៅកន្លែងថ្មី ប៉ុន្តែរដ្ឋាភិបាថៃបារម្ភថា វានឹងប៉ះពាល់ដល់ទំនាក់ទំនងជាមួយចិន ហើយថៃអនុវត្តតាមច្បាប់ និងគោរពសិទ្ធិជនភៀសខ្លួន ។

អ្នកវិភាគយល់ថា ប្រទេសថៃគួរតែប្រុងប្រយ័ត្នបញ្ហានេះ ដោយសារថៃកំពុងរងការដាក់សម្ពាធពីរដ្ឋាភិបាលអាមេរិក ពាក់ព័ន្ធនឹងបញ្ហាពាណិជ្ជកម្មផងដែរ ។ ក្រុមយុទ្ធនាការទាមទារសិទ្ធិជនជាតិអ៊ុយគូ នៅអាមេរិក បានសរសើរវិធានការរបស់រដ្ឋាភិបាលអាមេរិក ដែលលុបចោលទិដ្ឋាការមន្ត្រីរដ្ឋាភិបាលថៃ ។ នេះបញ្ជាក់ថា ប្រទេសណាក៏ដោយ ដែលគាំទ្រចិនឱ្យរំលោភសិទ្ធិមនុស្ស ប្រទេសនោះនឹងទទួលបានលទ្ធផលតាមទង្វើរបស់ខ្លួន ៕









