សហរដ្ឋអាមេរិក ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រព័ន្ធផ្សព្វផ្សាយនានានៅអាមេរិកប្រឈមនឹងការបិទផ្សាយ ក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាកាត់ផ្តាច់ថវិកាវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ដែលធ្វើឱ្យបុគ្គលិក VOA ជាង១,៣០០នាក់បាត់បង់ការងារ ព្រមទាំងកាត់ផ្តាច់ថវិការបស់ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ។
.png)
បុគ្គលិកជាង១,៣០០នាក់ របស់ VOA ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏ធំនៅអាមេរិក ត្រូវបានបញ្ជាឱ្យផ្អាកការងារ នៅថ្ងៃទី១៥ ខែមីនា កន្លងមក ក្រោយពីលោក Trump បញ្ជាឱ្យកាត់ផ្តាច់ថវិការបស់ VOA និងប្រព័ន្ធផ្សព្វផ្សាយ២ទៀត កាលពីថ្ងៃទី១៤ ខែមីនា ។ លោក Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិឈប់ផ្តល់ថវិកាដល់ការិយាល័យសហរដ្ឋអាមេរិកសម្រាប់សារព័ត៌មានពិភពលោក (USAGM) ដែលការិយាល័យនេះផ្តល់ជំនួយដល់អង្គការពុំរកប្រាក់ចំណេញ រួមទាំងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA), Radio Free Europe និង Radio Free Asia ដែលការបង្កើតប្រព័ន្ធផ្សព្វផ្សាយទាំងនេះលើកដំបូង គឺដើម្បីប្រឆាំងនឹងការឃោសនារបស់ក្រុមកុម្មុយនិស្ត ។

លោក Michael Abramowitz នាយកវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និយាយថា ការកាត់ផ្តាច់ថវិកាប្រព័ន្ធផ្សព្វផ្សាយបានធ្វើឱ្យបុគ្គលិក VOA ជាង១,៣០០នាក់បាត់បង់ការងារ ។ បុគ្គលិក VOA បានទទួលដំណឹងពីការបញ្ចប់ការងារតាមអ៊ីម៉ែលរបស់លោកស្រី Crystal Thomas ជានាយកផ្នែកធនធានមនុស្សរបស់ការិយាល័យ USAGM ។ រីឯបុគ្គលិកក្រៅម៉ោង និងបុគ្គលិកកិច្ចសន្យា ក៏បាត់បង់ការងារដែរ ដោយសារ VOA គ្មានប្រាក់ផ្តល់ឱ្យពួកគេ ។.png)
ចំណែក Radio Free Europe និង Radio Free Asia ក៏ត្រូវកាត់ផ្តាច់ថវិកាដែលទទួលបានពីភ្នាក់ងាររដ្ឋាភិបាលកណ្តាលដែរ ហើយភ្នាក់ងាររដ្ឋាភិបាលកណ្តាលបានបញ្ជាទៅនាយកប្រព័ន្ធផ្សព្វផ្សាយទាំង២នេះ ឱ្យកាត់បន្ថយការងារនៅតិចបំផុតស្របតាមច្បាប់កំណត់ ។ សេចក្តីថ្លែងការណ៍របស់សេតវិមានបានចោទប្រកាន់ VOA ថា គឺជាប្រព័ន្ធផ្សព្វផ្សាយជ្រុលនិយម និងមានគំនិតប្រឆាំងលោក Trump ហើយការបញ្ជាឱ្យកាត់ផ្តាច់ថវិកានេះ ដើម្បីកុំឱ្យប្រាក់បានពីការបង់ពន្ធរបស់ពលរដ្ឋត្រូវយកមកចំណាយក្នុងការផ្សព្វផ្សាយជ្រុលនិយម និងឆ្វេងនិយម ។

មហាជនលើកឡើងថា ការបញ្ជាកាត់ផ្តាច់ថវិកាប្រព័ន្ធផ្សព្វផ្សាយរបស់លោក Trump គឺជាការព្យាយាមបិទ VOA ដែលលោកបានរិះគន់វិទ្យុនេះយ៉ាងខ្លាំងតាំងពីកាន់តំណែងជាប្រធានាធិបតីអាមេរិកអាណត្តិទី១ ថា VOA រើសអើងលោក ។ ការកាន់តំណែងអាណត្តិទី២នេះ លោកបានតែងតាំងអ្នកស្មោះត្រង់នឹងលោក គឺលោកស្រី Kari Lake ឱ្យធ្វើជាទីប្រឹក្សាពិសេសរបស់ការិយាល័យ USAGM ៕









