សួ វិចិត្រ និង លីន សោម៉ា បានធ្វើឱ្យអ្នកមួយចំនួនគិតថាអ្នកទាំងពីរមានទំនាក់ទំនងបន្ទាប់ពីមានភាពស្និទ្ធស្នាលគ្នាជាច្រើន។ បន្ទាប់ពីមានភាពស្អិតរមួតមួយរយៈតារាចម្រៀងទាំងពីរបានបញ្ចេញស្នាដៃរួមគ្នាលើកដំបូងនិងទទួលបានមតិវិជ្ជមានជាច្រើន។ ទោះយ៉ាងណាអ្នកមួយចំនួនពេញចិត្តសំឡេងរបស់ សួ វិចិត្រ និង លីន សោម៉ា ប៉ុន្តែសម្តែងនូវការមិនពេញចិត្តពីព្រោះជាវីដេអូ Lip-Sync មិនមែនការសម្តែងក្នុង MV មានសាច់រឿងទាក់ភ្នែក។
កាលពីថ្ងៃទី១១ នេះផលិតកម្មរស្មីហង្សមាសបានទម្លាក់បទ «ស្រលាញ់មួយម៉ឺនជាតិ»របស់ម្ចាស់ពាន Beat The Best រដូវកាលទី១ សួ វិចិត្រ និងម្ចាស់ពាន Beat The Best រដូវកាលទី២ លីន សោម៉ា។ នេះជាការសហការផ្លូវការលើកដំបូងរបស់អ្នកទាំងពីរខណៈកន្លងមកគ្រាន់តែមានច្រៀងនៅលើឆាកតន្រ្តីប៉ុណ្ណោះទៅលើបទតារាចម្រៀងផ្សេងៗ។ ស្នាដៃទី១ របស់ សួ វិចិត្រ និង លីន សោម៉ា ទទួលបាននូវមតិវិជ្ជមានច្រើនពីអ្នកស្តាប់ ប៉ុន្តែអ្នកមួយចំនួនក៏បានសម្តែងនូវការមិនពេញចិត្តពីព្រោះជាវីដេអូ Lip-Sync មិនមែនការសម្តែងក្នុង MV មានសាច់រឿងទាក់ភ្នែក។
គួរឱ្យដឹងដែរថានេះជាស្នាដៃទី២ របស់ លីន សោម៉ា ក្នុងផលិតកម្មរស្មីហង្សមាសចាប់តាំងពីក្លាយជាម្ចាស់ពានកាលពីខែមិថុនា ឆ្នាំ២០២៤ ខណៈបទដំបូងរបស់នាងមានចំណងជើងថា « មិនចេះតាមដាន» ប៉ុន្តែទទួលរងនូវមតិប្រតិកម្មចម្រុះពីសាធារណជន។
គេចាំបានថា មុននឹងមានបទចម្រៀងជាមួយគ្នា សួ វិចិត្រ និង លីន សោម៉ា មានទំនាក់ទំនងជិតស្និទ្ធរហូតមានពាក្យចចាមអារ៉ាមថាម្ចាស់ពានទាំងពីររូបកំពុងបង្កាត់ភ្លើងស្នេហ៍។ អ្នកទាំងពីរក៏មានកម្មវិធីសម្តែងនៅលើឆាកប្រគំតន្រ្តីជាច្រើនពេលខ្លះ សួ វិចិត្រ បានទៅយក លីន សោម៉ា ទៅបំពេញការងារជាមួយគ្នាទៀត៕










