យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃទី ១៤ ខែមីនា តារាសម្តែង Yoo Yeon Seok តួឯកប្រុសក្នុងរឿង «When the Phone Rings» ត្រូវបានទទួលរងនូវការផាកពិន័យពន្ធយ៉ាងធ្ងន់ធ្ងរចំនួន ៧ពាន់លានវ៉ុន ប្រមាណ៤.៨ លានដុល្លារអាម៉េរិករួមទាំងពន្ធលើប្រាក់ចំណូលដែលមិនបានបង់។
ថ្មីៗនេះ តារាសម្តែងរូបនេះត្រូវបានទទួលរងនូវការធ្វើសវនកម្មពន្ធយ៉ាងយកចិត្តទុកដាក់ដោយសេវាពន្ធជាតិរបស់ប្រទេសកូរ៉េខាងត្បូង ដែលបណ្តាលឱ្យមានការដាក់ពន្ធបន្ថែមប្រហែល ៧ ពាន់លានវ៉ុន។ សវនកម្មនេះរួមបញ្ចូលការស៊ើបអង្កេតលម្អិតទៅលើហិរញ្ញវត្ថុរបស់ភ្នាក់ងារកម្សាន្តតែម្នាក់របស់ Yoo Yeon Seok គឺ Forever Entertainment ដែលលោកបម្រើការជានាយកប្រតិបត្តិ។ ដោយប្រកួតប្រជែងនឹងការសម្រេចចិត្តរបស់សេវាពន្ធជាតិ Yoo Yeon Seok បានដាក់ពាក្យស្នើសុំការត្រួតពិនិត្យពន្ធតាមក្រោយក្នុងខែមករា ឆ្នាំនេះ ដោយអះអាងថា «ការបកស្រាយផ្សេងគ្នា និងការអនុវត្តច្បាប់ពន្ធ»។ លើសពីនេះប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ផងដែរថាភាគីរបស់ Yoo Yeon Seok កំពុងស្វែងរកយ៉ាងសកម្មដើម្បីកាត់បន្ថយចំនួនពន្ធក្នុងអំឡុងពេលដំណើរការត្រួតពិនិត្យ។
នៅពេលទាក់ទងសុំសេចក្តីថ្លែងការណ៍ទាក់ទងនឹងព័ត៌មាននេះ ក្រុមហ៊ុន KingKong by Starship របស់ Yoon Yeon Seok បានបញ្ចេញមតិថា «យើងកំពុងរៀបចំសេចក្តីថ្លែងការណ៍ផ្លូវការមួយ»។

នៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ តារាសម្តែង Yoon Yeon Seok ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនក្នុងតួនាទី Baek Sa Eon ក្នុងរឿង «When the Phone Rings» ជាមួយតារាស្រី Chae Soo Bin ហើយអ្នកទាំងពីរក៏ទទួលបានពានរង្វាន់ផងដែរ។
Yoo Yeon Seok កើតនៅឆ្នាំ១៩៨៤ នៅទីក្រុងសេអ៊ូល ជាតារាពហុជំនាញហើយបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកភាពយន្ត សាកលវិទ្យាល័យសេជុង(Sejong) ។ លោកបានបង្ហាញខ្លួនជាលើកដំបូងក្នុងវិស័យសិល្បៈក្នុងឆ្នាំ ២០០៣។ ក្នុងឆ្នាំ២០២១ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថាទ្រព្យសម្បត្តិសុទ្ធរបស់ Yoo Yeon Seok មានប្រហែល ១០ លានដុល្លារ៕










