ជាមួយនឹងការទម្លាក់អាល់ប៊ុមទី៣ផ្នែកទី១ជាផ្លូវការតារារ៉េបកម្ពុជា ម៉ាន់ វណ្ណដា ត្រូវបានគេហទំព័រអន្តរជាតិផ្សព្វផ្សាយជាច្រើន។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលកាន់តែខ្លាំងនោះគឺគេហទំព័របរទេសមានឈ្មោះថា RapTV ដែលមានអ្នកតាមដានជិត១៣លាននាក់លើគណនី Instagram បានផ្សព្វផ្សាយពីអាល់ប៊ុមទី៣របស់តារាចម្រៀងរូបនេះជាមួយនឹងតារាចម្រៀងរ៉េបផ្សេងទៀត។

នៅថ្ងៃទី១៤ មីនា អាល់ប៊ុមទី៣របស់ វណ្ណដា មានឈ្មោះថា ត្រីវិស័យ បានទម្លាក់ជាផ្លូវការហើយនៅផ្នែកទី១របស់ខ្លួនដែលមានចំនួន៨ រួមទាំងបទដែលបានចេញ MV កន្លងមកមានដូចជា BUSINESS CLASS, U KNOW U KNOW និងបទ SMOKE UP ជាមួយតារាថៃ YOUNGOHM ដែលបានទម្លាក់កាលពីថ្ងៃទី១៣។ 
ទន្ទឹមនឹងនេះអ្នកគាំទ្រមានការភ្ញាក់ផ្អើលមិនតិចនោះទេនៅពេលគេហទំព័រអន្តរជាតិ RapTV ដែលមានអ្នកតាមដានជិត១៣លាននាក់លើគណនី Instagram បានផ្សព្វផ្សាយអាល់ប៊ុមទី៣របស់ វណ្ណដា ជាមួយនឹងតារារ៉េបផ្សេងទៀតដែលបានទម្លាក់បទនិងអាល់ប៊ុមថ្ងៃទី១៤ នេះ។ មិនត្រឹមតែប៉ុណ្ណោះ វណ្ណដា បានលេចមុខលើការចុះផ្សាយរបស់បណ្តាញផ្សព្វផ្សាយអន្តរជាតិផ្សេងទៀតមានដូចជា Empire record label និងទស្សនាវដ្តី LiFTED Asia ។
ទទួលបាននូវការចាប់អារម្មណ៍ពីគេហទំព័រអន្តរជាតិដ៏ធំនេះ ផលិតកម្មរបស់ វណ្ណដា ក៏បានចែករំលែកបន្តនិងបានព្រលយពាក្យដែរថា កម្ពុជាឈរនៅលើអន្តរជាតិ។
តារារ៉េប វណ្ណដា ញឹកញាប់តែងតែធ្វើឱ្យវិស័យតន្រ្តីកម្ពុជាទទួលបាននូវការចាប់អារម្មណ៍យ៉ាងច្រើននាពេលបច្ចុប្បន្ននេះដែលគេមិនអាចបដិសេធបានចំពោះឥទ្ធិពលរបស់តារារ៉េបមានដើមកំណើតមកពីខេត្តព្រះសីហនុរូបនេះដែលស្ថិតនៅក្នុងក្រុមគ្រួសារជាអ្នកកោសដូងតែអាចដើរបានឆ្ងាយលើសពីការរំពឹងទុក៕










