រាជធានីភ្នំពេញ៖ ក្រសួងធម្មការ និង សាសនា បានរៀបចំសំណើរសុំគោលការណ៍លើឧត្តមប្រយោជន៍របស់ពុទ្ធសាសនាជាតិ និងការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ដើម្បីរៀបចំក្រុមជំនុំព្រះត្រៃបិដកខ្មែរឡើងវិញ។

ជាដំណឹងគួអោយត្រេកអរក្រៃលែងចំពោះប្រទេសកម្ពុជា ដែលជាប្រទេសប្រកាន់យកពុទ្ធសាសនាជាសាសនារដ្ឋ ថ្មីៗនេះរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃប្រទេស បានសម្រេចជាគោលការណ៍លើឧត្តមប្រយោជន៍របស់ពុទ្ធសាសនាជាតិចំនួន៣ចំណុចគឺ៖
១. ការបង្កើតក្រុមជំនុំព្រះត្រៃបិដកឡើងវិញ ដើម្បីផ្ទៀងផ្ទាត់គម្ពីរក្បួនច្បាប់ពុទ្ធសាសនា និងបកប្រែអដ្ឋកថា ដីកា យោជនា ដែលជាសេចក្តីពន្យល់របស់ព្រះអរហន្តលើគម្ពីរព្រះត្រៃបិដកជាពុទ្ធវចន:។ 
២. រៀបចំពិធីសូត្រព្រះត្រៃបិដកខ្មែររៀងរាល់៥ឆ្នាំម្តងនៅប្រាសាទអង្គរវត្ត ឬភ្នំព្រះរាជទ្រព្យ (ទីតាំងតម្កល់ព្រះបរមសារីរិកធាតុ)។ 
៣.រៀបចំពិធីបុណ្យរំលឹកការបកប្រែគម្ពីរព្រះត្រៃបិដក និងរំលឹកដល់គុណក្រុមជំនុំព្រះត្រៃបិដក ដោយកំណត់យកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នេះតទៅ។
យោងតាមការប្រកាសខាងលើ សេចក្ដីសម្រេចនេះនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៅកម្ពុជា ក៏ដូចជាការចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនាផ្លូវការរបស់ប្រទេសយើងផងដែរ៕










