វិស័យទេសចរណ៍ពិតជាសំខាន់សម្រាប់ប្រទេសជាតិ ក្នុងការជម្រុញសេដ្ឋកិច្ច និងលើកមុខមាត់ប្រទេស ដូច្នេះហើយទើបបានជាប្រជាជនតាមប្រទេសនីមួយៗតែងតែស្វាគមន៍ និងទទួលភ្ញៀវទេសចរដែលទៅលេងប្រទេសគេយ៉ាងកក់ក្ដៅជានិច្ច។
ស្របពេលជាមួយគ្នានេះដែរ ប្រទេសអេស្ប៉ាញ មានប្រជាជនជាច្រើនបែរជាមិនពេញចិត្តក្នុងការមានអ្នកទៅកម្សាន្តនៅប្រទេសរបស់ពួកគេទៅវិញ ។ 
មិនត្រឹមតែមិនពេញចិត្តប៉ុណ្ណោះទេ តែពួកគេថែមទាំងបាននាំគ្នាធ្វើការតវ៉ាដើម្បីបណ្ដេញភ្ញៀវទេសចរផងដែរ ហើយ៣តំបន់ដែលផ្ទុះការតវ៉ាខ្លាំងនោះរួមមាន៖
១. កោះ Canary៖ ក្នុងខែមេសា ឆ្នាំ២០២៤ ការតវ៉ាដ៏ធំសម្បើមរបស់ប្រជាជនចន្លោះពី ២០,០០០ ទៅ៥០,០០០នាក់ ដើម្បីធ្វើបាតុកម្មដើម្បីអោយមានការដោះស្រាយពីផលអវិជ្ជមាននៃកំណើនភ្ញៀវទេសចរលើសកម្រិត។ ពួកគេយល់ថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរបានធ្វើឲ្យប៉ះពាល់ដល់សេវាសាធារណៈ ទំនិញឡើងថ្លៃ ផ្ដល់ការរំខានដល់បរិស្ថាន និងហេតុផលផ្សេងៗទៀត។.png)
២. កោះ Balearic ៖ កាលពីខែឧសភា ឆ្នាំ២០២៤ ប្រជាជនប្រហែល ១០,០០០នាក់ ធ្វើការតវ៉ាលើហេតុផលស្រដៀងគ្នានេះ។ សកម្មជនតវ៉ា បានទាមទារអោយរដ្ឋាភិបាលតម្លើងតម្លៃទំនិញសម្រាប់ជនបរទេស បញ្ឃប់ការអភិវឌ្ឍន៍កន្លែងទេសចរណ៍ថ្មីៗ និងហាមផ្សព្វផ្សាយពីតំបន់ទេសចរណ៍ទៅកាន់ប្រទេសផ្សេងដោយគ្មានការអនុញ្ញាតពីប្រជាជនតំបន់នោះ។ 
៣. ទីក្រុងBarcelona៖ នៅខែកក្កដា ឆ្នាំ២០២៤ ប្រជាជនប្រមាណ ៣,០០០នាក់បាននាំគ្នាធ្វើការតវ៉ានៅក្នុងទីក្រុង Barcelona។ ប្រជាជនទាំងនោះបាននាំគ្នាសរសេអក្សរដាក់លើជញ្ជាំងតាមផ្លូវសាធារណៈជាច្រើនកន្លែងដែលមានន័យដូចជា “ទៅផ្ទះរបស់អ្នកវិញទៅ!” រឺ “ភ្ញៀវទេសចរបានធ្វើអោយរញ៉េរញ៉ៃទីក្រុងរបស់យើង”។ លើសពីការតវ៉ាលើរដ្ឋាភិបាល ប្រជាជនទាំងនោះបានយកកាំ.ភ្លើងទឹកទៅបា.ញ់ភ្ញៀវទេសចរដែលកំពុងអង្គុយនៅក្នុងហាង រឺផ្លូវសាធារណៈអោយពួកគេរត់ចែកជើងគ្នាអស់។
ទាក់ទងការតវ៉ារបស់តំបន់ទាំង៣ខាងលើ រដ្ឋាភិបាលប្រទេសអេស្ប៉ាញបានយល់ព្រមក្នុងការកំណត់ចំនួនភ្ញៀវទេសចរដែលអាចមកកម្សាន្តក្នុងប្រទេសរបស់ខ្លួនក្នុងរយៈពេលណាមួយដើម្បីកាត់បន្ថយការកកកុញនៃមនុស្សច្រើនពេក។ លើសពីនេះគេបានកាត់បន្ថយពន្ធពីប្រជាជនរបស់ខ្លួន រួចតម្លើងពន្ធសម្រាប់ភ្ញៀវទេសចរវិញ។ ហើយបច្ចុប្បន្នប្រទេសនេះមានស្ថានភាពធម្មតាវិញហើយ និងបើកទទួលភ្ញៀវទេសចរអោយចូលកម្សាន្តបានគ្រប់តំបន់ដោយមិនមានការតវ៉ាអ្វីទៀតឡើយ។










