តារាចម្រៀងល្បីប្រចាំប្រទេសប្រឡូកក្នុងអាជីពមិនតិចជាង២ទសវត្សរ៍លោកឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហាញវប្បធម៌ខ្មែរក្នុងទម្រង់ «ល្ខោនខោល» និង «ល្ខោនស្បែកធំ» ជាលើកដំបូងក្នុងអាជីពលើបទចម្រៀងអបអរបុណ្យចូលឆ្នាំខ្មែរ។ ជាមួយនឹងការចូលរួមលើកស្ទួយវប្បធម៌ខ្មែរនេះតារាចម្រៀងមានងារជាឧកញ៉ារូបនេះបានគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងប្រសាសន៍រាជរដ្ឋាភិបាលបទចម្រៀងរ៉េបមិនចាំបាច់ទាល់តែមានពាក្យជេរប្រមាថ អសុរោះ…។
ជឿជាក់ថាទស្សនិកជនប្រាកដជាស្គាល់តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ជាក់ជាមិនខានដែលលោកបានបម្រើវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយទោះបីជាប៉ុន្មានឆ្នាំចុងក្រោយនេះរូបលោករងនូវការមិនពេញចិត្តពីសំណាក់អ្នកគាំទ្រមួយចំនួនក្តី។ ទោះជាយ៉ាងណាឧកញ៉ា ខេមរៈ សិរីមន្ត នៅតែបន្តជាមួយនឹងអាជីពរបស់ខ្លួនដោយខិតខំប្រឹងប្រែងផលិតបទមានគុណភាពជាពិសេសលើកស្ទួយវប្បធម៌ខ្មែរឱ្យស្របតាមការគាំទ្ររបស់ខ្លួននាពេលកន្លងមក។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៤ មីនា នេះឧកញ៉ា ខេមរៈ សិរីមន្ត បានទម្លាក់បទចម្រៀងថ្មីរបស់ខ្លួនជាចង្វាក់បែបកន្ត្រឹមមានចំណងជើងថា «ព្រមទៅយកបងធ្វើប្តី» ដែលមានតួឯកស្រី កុយ អេនណា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ។ អ្វីដែលកាន់តែពិសេសតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហាញទស្សនីយភាព «ល្ខោនខោល» និង «ល្ខោនស្បែកធំ» ក្នុងបទចម្រៀងជាលើកដំបូងក្នុងអាជីពរបស់ខ្លួនប្រកបដោយភាពសោមនស្សរីករាយជាទីបំផុត។ មិនត្រឹមតែបង្ហាញ «ល្ខោនខោល» និង «ល្ខោនស្បែកធំ» ឧកញ៉ា ខេមរៈ សិរីមន្ត បានបញ្ជាក់ដែរថាបទខាងលើនេះក៏បានលាយបញ្ជូលឈុតសំលៀកបំពាក់ជនជាតិដើមខ្មែរលើខណៈលោកផ្ទាល់បានគ្រងឈុត«ស្ដេចស្វាស»លើកដំបូងក្នុង MV ថ្មីរបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា ឧកញ៉ា ខេមរៈ សិរីមន្ត គឺជាតារាចម្រៀងមួយរូបចេញមុខគាំទ្រពេញទំហឹងចំពោះប្រសាសន៍ថ្នាក់ដឹកនាំ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស្នើទៅកាន់ក្រុមអ្នកចម្រៀងរ៉េប និងតារាចម្រៀង មិនត្រូវប្រើប្រាស់ពាក្យជេរប្រមាថ ដើម្បីកុំឱ្យលើសព្រំដែនសីលធម៌៕










