ទីងមោង គឺជារូបតំណាង ដែលគេធ្វើឡើងដោយក្រណាត់សំពត់ឬខោអាវចាស់ៗដែលលែងប្រើកើតទៅ ពាក់ពីលើឈើខ្វែងរុំដោយចំបើង ជួនកាលមានទាំងពាក់មួកឱ្យផង ដើម្បីឱ្យមានរូបរាងដូចជាមនុស្ស។ នៅតាមស្រុកស្រែភាគច្រើនគេធ្វើវាឡើងនៅរដូវរំហើយ រឺរដូវស្រូវទុំ ដើម្បីបន្លាចសត្វចាបកុំអោយវាចុះមកស៊ីស្រូវ។
ដោយឡែក មានជំនឿមួយទៀតដែលមិនទាក់ទងនឹងការបន្លាចសត្វចាបឡើយ ប៉ុន្តែទាក់ទងទៅនឹងខ្មោច ព្រាយ ដែលបង្កើតជម្ងឺឆ្លងរាតត្បាត មានអាសន្នរោគ ឬអុតធំជាដើម។ ជាទូទៅវាកើតមាននៅតំបន់ដែលក្សត់ទឹក ហើយមិនមានអនាម័យដិតដល់ នារដូវប្រាំងក្តៅខ្លាំង ដូច្នេះក៏បង្ករជំងឺរាតត្បាតនៅក្នុងភូមិនោះ។ 
កាលណាមាននរណាម្នាក់រងគ្រោះ គេតែងរកវិធីបញ្ចៀសខ្មោចចង្រៃនោះឱ្យចេញពីភូមិកររបស់គេ ដោយវិធីនោះ គឺគេយកឆ្នាំងដីចាស់ដែលខូចខាតអស់ទៅហើយមកគូរដោយធ្យូងឱ្យមានមុខមាត់គួរឱ្យខ្លាចនៅលើគូថរបស់វា និងជួនកាលគេគូរទម្រង់មុខអាក្រក់នោះនៅលើបន្ទះក្តារ រឺអ្វីមួយក៏បាន ហើយគេយកឆ្នាំង រឺបន្ទះក្តារនោះទៅពាក់លើរបងផ្ទះរបស់គេ ជាពិសេសនៅជិតមាត់ទ្វារចូលផ្ទះ។ ដូច្នេះវាក្លាយជាទីងមោង ដូចដែលបានរៀបរាប់ខាងលើ ដោយគេតំណាងវាថាជាយក្ស, ពួកអាសោរ មានរាហូជាដើម (ព្រោះវាមានមុខគួរខ្លាច) បានឈរនៅមាត់ទ្វាររបងរារាំងខ្មោចឧបទ្រព មិនឱ្យចូលភូមិហាក់ដូចជាទ្វារបាលដូច្នោះដែរ។ ហើយបន្ទាប់ពីចប់រដូវកាលនោះ គេនឹងរុះរើចេញ រឺដុតចោលដើម្បីអោយឧបទ្រពចង្រៃរសាត់ទៅតាមរូបទីងមោងនោះ។
ក្រោយមកទៀត ទំនៀមទម្លាប់នោះក៏ចេះតែធ្វើបន្តមករហូត ដោយអោយតែដល់ខែក្តៅ ទោះជាមាន ឬក៏គ្មានជម្ងឺរាតត្បាត ក៏អ្នកភូមិអ្នកស្រុកខ្លះនៅតែដាក់រូបទីងមោងនេះជាប់ ទុកបន្លាចខ្មោច ព្រាយនៅតាមទ្វារច្រកចូលផ្ទះ ឬដីភូមិករផ្សេងៗដដែល។ 
យោងតាមគំនិតដើម តាមពិតគេព្យាយាមធ្វើវាឡើងឱ្យខ្មោចខ្លាច រឺបន្លាចចាបទេ ប៉ុន្តែសព្វថ្ងៃនេះបើសង្កេតមើលយើងឃើញថា ទីងមោងដែលគេធ្វើឡើងអោយក្លាយជាអ្នកបន្លាចខ្មោចមានរូបរាងជាមនុស្ស មុខមាត់គួអោយខ្លាចនេះ បែរជាបញ្ចេញភាពកំប្លុកកំប្លែង មានមុខមាត់គួអោយចង់សើចស្ទើរតែភ្លេចតួនាទីដើមរបស់វាទៅហើយ៕










