ប្រទេសឥណ្ឌូណេស៊ី ៖ រដ្ឋមន្ត្រីក្រសួងវិនិយោគឥណ្ឌូណេស៊ីឱ្យដឹងថា VinFast គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម មានគម្រោងដំឡើងស្ថានីយសាករថយន្តអគ្គិសនីឱ្យបាន១សែនកន្លែង នៅប្រទេសឥណ្ឌូណេស៊ី ក្រោយពីប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានជួបជជែកជាមួយអ្នកតំណាងក្រុមហ៊ុន VinFast កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ។

រោងចក្ររបស់ក្រុមហ៊ុន VinFast នៅខេត្តចាវ៉ាខាងលិច នឹងចាប់ផ្តើមដំឡើងស្ថានីយសាករថយន្តអគ្គិសនី នៅឆ្នាំ២០២៦ ។ រោងចក្រនេះអាចផលិតរថយន្តអគ្គិសនី ចំនួន៥ម៉ឺនគ្រឿងក្នុង១ឆ្នាំ ហើយក្រុមហ៊ុនបានសាងសង់រោងចក្រដំឡើងរថយន្ត ដែលចំណាយទឹកប្រាក់អស់២០០លានដុល្លារ កាលពីឆ្នាំ២០២៤ ។ នេះបើតាមលោក Rosan Roeslani រដ្ឋមន្ត្រីក្រសួងវិនិយោគឥណ្ឌូណេស៊ី ។

ចំណែកនាយកគ្រប់គ្រងក្រុមហ៊ុន VinFast បានបដិសេធផ្តល់សម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធនឹងគម្រោងដំឡើងស្ថានីយសាកថ្មរថយន្តអគ្គិសនីនៅឥណ្ឌូណេស៊ី ក្រោយពីអ្នកតំណាងក្រុមហ៊ុនបានជួបជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី ។
ឥណ្ឌូណេស៊ីមានមហិច្ឆតាចង់ក្លាយជាប្រទេសផលិតរថយន្តអគ្គិសនី ដោយព្យាយាមទាញយកអត្ថប្រយោជន៍ពីសារធាតុនីកែលដ៏សម្បូរបែប (គឺជាសារធាតុពណ៌ប្រាក់សម្រាប់ផលិតថ្មរថយន្តអគ្គិសនី និងដែកអ៊ីណុកឱ្យរឹងមាំ ធន់ជាមួយសីតុណ្ហភាពខ្លាំង) ។ រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏បានលើកទឹកចិត្តក្រុមហ៊ុននានាឱ្យផលិតរថយន្តអគ្គិសនីក្នុងប្រទេសខ្លួនផងដែរ ។
រយៈពេលប៉ុន្មានខែចុងក្រោយនេះ ការប្រើប្រាស់រថយន្តអគ្គិសនីនៅឥណ្ឌូណេស៊ីបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនានាលក់រថយន្តអគ្គិសនីតម្លៃសមរម្យ ។ ការប្រើប្រាស់រថយន្តនៅខែកុម្ភៈ ឆ្នាំ២០២៥ បានកើនឡើង២.២% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះជាការកំណើនប្រើប្រាស់រថយន្តលើកដំបូង បើគិតតាំងពីខែមិថុនា ឆ្នាំ២០២៣ ដែលការលក់រថយន្តភាគច្រើនជារថយន្តអគ្គិសនី ។
.png)
លោក Rosan Roeslani រដ្ឋមន្ត្រីក្រសួងវិនិយោគបន្តថា ក្រុមហ៊ុនវៀតណាមបានជ្រើសរើសទីតាំងដំឡើងស្ថានីយសាករថយន្តអគ្គិសនីរួចហើយ ។ ការវិនិយោគដំឡើងស្ថានីយសាករថយន្តអគ្គិសនីរបស់ក្រុមហ៊ុនវៀតណាម នឹងជួយជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនៅឥណ្ឌូណេស៊ី ។ ក្រៅពីនេះ ក្រុមហ៊ុនវៀតណាមបានពិចារណាវិនិយោគលើថាមពលកកើតឡើងវិញ, កង្ហារខ្យល់ និងបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យ ។

គួរបញ្ជាក់ថា ការជួបពិភាក្សារវាងប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto ជាមួយអ្នកតំណាងក្រុមហ៊ុន VinFast គឺ១ថ្ងៃក្រោយ បន្ទាប់ពីប្រធានាធិបតីឥណ្ឌូណេស៊ីបានប្រជុំទ្វេភាគីជាមួយអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឺម ហើយប្រទេសទាំងពីរបានព្រមព្រៀងពង្រឹងកិច្ចសហការសេដ្ឋកិច្ច ៕










