ដីច្រោះ» ដែលរំលេចចេញជាទស្សនីយភាពប្លែកៗគួរឱ្យចាប់អារម្មណ៍នៅខេត្តកំពង់ស្ពឺ បានកំពុងឆក់យកបេះដូងភ្ញៀវទេសចរគ្រប់ជាតិសាសន៍ នូវទេសភាពដ៏សម្បូរបែបនៃដីដុះបញ្ចេញក្បូរក្បាច់យ៉ាងស្រស់ស្អាតជាប់ៗគ្នា លើផ្ទៃដីដ៏ធំល្វឹងល្វើយគួរឱ្យចង់ទស្សនាបំផុត។ ដីច្រោះដ៏អស្ចារ្យនេះមានទីតាំងស្ថិតនៅឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មិនឆ្ងាយពីរាជធានីភ្នំពេញប៉ុន្មាននោះទេ។ ដូច្នេះបងប្អូនគួរទៅលេងកម្សាន្តបានឱ្យគ្រប់ៗគ្នា ដោយសារដីច្រោះនៅទីនេះគឺកើតឡើងដោយធម្មជាតិពិត មិនមានការច្នៃអ្វីឡើយ។
ដើម្បីទៅដល់គោលដៅនេះ លោកអ្នកត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៤ រួចបត់ចូលតាមផ្លូវឧទ្យានជាតិគីរីរម្យ។ នៅពេលទៅដល់ជើងភ្នំគិរីរម្យ យើងនឹងឃើញផ្លូវបំបែកខាងស្តាំ ទៅរមណីយដ្ឋានទឹកធ្លាក់ចំបក់ រួចជិះប្រហែល ១០ គីឡូម៉ែត្រពីជើងភ្នំគិរីរម្យ យើងនឹងឃើញសាលាឃុំចំបក់។ បន្ទាប់មកលោកអ្នកត្រូវជិះហួសសាលាឃុំប្រហែល ៥០ ម៉ែត្រទៀត រួចបត់ទៅស្តាំ យើងនឹងឃើញស្ពាន ហើយជិះឆ្លងស្ពានទីមួយ និងទីពីរប្រមាណ ៥០០ ម៉ែត្របត់ស្តាំទៅត្រង់ប្រហែល ១ គីឡូម៉ែត្រទៀតយើងនឹងទៅដល់ទីតាំងដីច្រោះតែម្តង។
នៅទីនោះពិតជាស្រស់ស្អាតមិនចាញ់ តំបន់រលុះធំនៃខេត្តឧត្តមមានជ័យឡើយ។ អ្វីដែលធ្វើឱ្យអ្នកចាប់អារម្មណ៍នោះគឺថាដីច្រោះនាខេត្តកំពង់ស្ពឺ ជារមណីយដ្ឋានលាក់ខ្លួននៅកណ្តាលព្រៃភ្នំ ដែលរំលេចទៅដោយទេសភាពធម្មជាតិយ៉ាងល្អគ្មានពីរ ជាទិដ្ឋភាពដ៏កម្រមួយដែលយើងមិនសូវបានឃើញ រួមទាំងមានដើមឈើតូចៗដុះតាមជម្រាលភ្នំ ជាមួយពណ៌បៃតងខៀវខ្ចី ខ្យល់អាកាសត្រជាក់បរិសុទ្ធ ហាក់ដូចជាលោកអ្នកកំពុងស្ថិតនៅភពមួយផ្សេងទៀតអ៉ីចឹង។
ទោះជាយ៉ាងណា យោងតាមមន្ទីរទេសចរខេត្តកំពង់ស្ពឺ បានសំណូមពរឱ្យភ្ញៀវទេសចរទាំងអស់ សូមកុំបោះសំរាមចោលពាសវាលពាសកាល សូមចូលរួមការពារបរិស្ថានទាំងអស់គ្នា៕










