OG Golden ជាម្ចាស់ពានថ្មីថ្មោងក្នុងកម្មវិធីប្រលងចម្រៀងរ៉េបត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិវែកញែកក្រោយពីបានទម្លាយពីជីវិតតស៊ូរបស់ខ្លួនមុននឹងក្លាយជាម្ចាស់ពាននិងបានលើកឡើងពីការជួលផ្ទះក្នុងមួយខែ១៨០ដុល្លារ។ ការបញ្ចេញតួលេខនៃការជួលផ្ទះខាងលើនេះក្នុងនាមជាអ្នកដឹកជញ្ជូនមួយរូបអ្នកខ្លះបានផ្លែផ្កាថា ជីវិត OG កម្សត់ដល់ហើយជួលផ្ទះនៅមួយខែ១៨០ដុល្លារ និងមតិខ្លះថាស្មើនឹងប្រាក់ខែខ្លួនមួយខែ។

កាលពីពេលថ្មីៗនេះ OG បានចូលរួមផ្តល់បទសម្ភាសន៍ក្នុងកម្មវិធីផតខាស់មួយ ដោយបានទម្លាយថាតម្លៃផ្ទះជួលក្នុងមួយខែ២០០ដុល្លារហើយសុំចុះនៅសល់១៨០ដុល្លារ ហើយបានហៅប្អូនមកនៅជាមួយ និងបានហៅឪពុកមកជួយមើលការខុសត្រូវប្អូនខ្លួនជាអ្នកចេញរកលុយ។ OG ថាដំបូងមិនទាន់ហៅសមាជិកគ្រួសារមកនៅជាមួយទេ គឺស្នាក់នៅជាមួយមិត្តភក្តិសិនហើយនាំគ្នាចេញធ្វើការជាអ្នកដឹកជញ្ជូនអីវ៉ាន់អនឡាញ ហើយខិតខំប្រឹងដឹកជញ្ជូនខ្លាំងណាស់ប៉ុន្តែបើកប្រាក់ខែមកបាន៨០ដុល្លារ។ 
ម្ចាស់ពានរូបនេះបានបន្តរៀបរាប់ថាដោយសារតែបានលុយតិចក៏បានផ្លាស់ប្តូរទៅធ្វើជាអ្នកដឹកជញ្ជូនក្នុងក្រុមហ៊ុនមួយទៀតហើយរកបានចំណូលជាង៤០០ដុល្លារទៅក្បែរ៥០០ដុល្លារ។
ទោះយ៉ាងណា ការរៀបរាបពីប្រវត្តិរបស់ខ្លួនជាអ្នកដឹកជញ្ជូនរបស់ OG ដែលជួលផ្ទះស្នាក់នៅក្នុងមួយខែជិត២០០ដុល្លារនេះបានធ្វើឱ្យសាធារណជនប្រើប្រាស់បណ្តាញសង្គមបញ្ចេញមតិវែកញែកជាច្រើននិងបានបោះសម្តីផ្លែផ្កាទៅកាន់ OG វិញ។ អ្នកលេងបណ្តាញសង្គមបញ្ចេញមតិថា «ថាលំបាកតែហ៊ានជួលផ្ទះ១ ខែ១៨០$, ផ្ទះជួលស្មើប្រាក់ខែខ្ញុំ, ១៨០ផ្ទះធំណាស់មួយល្វែងហើយកម្សត់ជាងរឿងជប៉ុនទៀត, កំសត់ណាស់, កំសត់ណាស់អូនផ្ទះមួយខែ១៨០$បងពីរអ្នកប្ដីប្រពន្ធ៣៥$, គ្រប់យ៉ាងគឺមិនឱ្យដូចគេម៉ង គេលំបាកជួលផ្ទះមួយខែ ៤០ ៥០ $ តែ OG នូ មួយខែ១៨០$»។
គួរបញ្ជាក់ថា OG Golden កូនក្រុមរបស់ Ruthko បានក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធី Rapper Fighter កាលពីរាត្រីថ្ងៃទី២ កុម្ភៈ ដោយបានយកឈ្នះបេក្ខជន៤រូបផ្សេងទៀតដោយ ម្ចាស់ជ័យលាភីទទួលបានខ្សែក Rapper Fighter ជាមួយនឹងទឹកប្រាក់ ៦០លានរៀល៕










