ប្រទេសអូស្ត្រាលី ៖ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ខ្យល់ព្យុះត្រូពិច Alfred បានបោកបក់គ្របដណ្តប់លើឆ្នេរសមុទ្រភាគខាងកើតប្រទេសអូស្ត្រាលី ដែលបណ្តាលឱ្យតំបន់ឆ្នេរសមុទ្រមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ ។ ពលរដ្ឋម្នាក់បានស្លា.ប់ ដោយសារទឹកជំនន់ និងពលរដ្ឋជាច្រើននាក់ទៀតរងរបួស ហើយនេះចាត់ទុកថា ជាខ្យល់ព្យុះដំបូងដែលបោកបក់មកលើអូស្ត្រាលីខ្លាំងបំផុតក្នុងរយៈពេល៥១ឆ្នាំ ។

ការិយាល័យឧតុនិយមប្រកាសថា ខ្យល់ព្យុះបានបក់មកលើឆ្នេរសមុទ្រ នាល្ងាចថ្ងៃទី៨ ខែមីនា ដែលនៅឆ្ងាយពីទីក្រុងប្រ៊ីសបាន ប្រមាណ៥៥គីឡូម៉ែត្រ ហើយខ្យល់ព្យុះក៏បម្លាស់ទីទៅភាគខាងលិច ព្រមទាំងមានភ្លៀងធ្លាក់ខ្លាំងផងដែរ ។ ហេតុនេះ វាបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗ និងកម្ពស់ទឹកទន្លេកើនឡើង ។ 
កាលពីថ្ងៃទី៨ ខែមីនា សមត្ថកិច្ចបានប្រទះឃើញសាកសពបុរសម្នាក់អាយុ៦១ឆ្នាំ ដែលបាត់ខ្លួនក្នុងទន្លេក្បែរទីក្រុងដារីកូ រដ្ឋញូវសៅវែល ដោយសារបុរសរូបនេះព្យាយាមបើករថយន្តឆ្លងកាត់ទឹកជំនន់ ។ រីឯស្ត្រីម្នាក់ទៀតបានរងរបួសដោយសារការបាក់ដំបូលអាផាតមិន នៅទីក្រុងហ្គលខូស ហើយនាងជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋ២១នាក់ ដែលអាជ្ញាធរជម្លៀសចេញពីអគារ ។ នេះបើតាមការបញ្ជាក់របស់សមត្ថកិច្ច ។
.png)
ខ្យល់ព្យុះបានបណ្តាលឱ្យលំនៅឋានពលរដ្ឋ និងអគារអាជីវកម្ម ជាង៣៣ម៉ឺនកន្លែង នៅរដ្ឋឃ្វីនឡែន ដាច់ចរន្តអគ្គិសនី ហើយវាជាការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយបំផុតក្នុងប្រវត្តិសាស្ត្រអូស្ត្រាលី ។ រីឯរដ្ឋញូវសៅវែល មានអគាររហូតដល់៤ម៉ឺន៥ពាន់កន្លែង គ្មានអគ្គិសនីប្រើប្រាស់កាលពីថ្ងៃទី៨ ខែមីនា ។.png)
ទឹកទន្លេជាច្រើននៅរដ្ឋឃ្វីនឡែន និងរដ្ឋញូវសៅវែល បានហក់ឡើងខ្ពស់ក្រោយភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាជាច្រើនថ្ងៃ ដែលធ្វើឱ្យអាជ្ញាធរដាស់តឿនឱ្យពលរដ្ឋនៅតែក្នុងលំនៅឋាន និងប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារខ្យល់ព្យុះ ។ លើសពីនេះ ឥទ្ធិពលខ្យល់ព្យុះបានធ្វើឱ្យមានខ្យល់កន្ត្រាក់ខ្លាំង បាក់បង្គោលភ្លើង និងលិចផ្លូវជាច្រើនកន្លែង ។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ថ្លែងថា រថយន្តកងទ័ព២គ្រឿង ដែលទៅត្រួតពិនិត្យនៅតំបន់រងគ្រោះដោយសារទឹកជំនន់ បានក្រឡាប់ធ្លាក់ពីផ្លូវនៅទីក្រុងទ្រីហ្គេហ្កល រដ្ឋញូវសៅវែល កាលពីថ្ងៃទី៨ ខែមីនា ដែលបណ្តាលឱ្យកងទ័ពរងរបួស១៣នាក់ ៕










