ប្រទេសថៃ ៖ ក្រោយពីមានបញ្ហាមួយចំនួននៅតំបន់ព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យពលរដ្ឋថៃកាត់តវីដេអូជាច្រើនបង្ហោះក្នុងបណ្តាញសង្គម ដើម្បីញុះញ.ង់ បង្កជម្លោះ និងការស្អ.ប់ ជាតិសាសន៍ ។ ហេតុនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai បានសំណូមពរទៅកាន់ពលរដ្ឋថៃ និងខ្មែរ សូមកុំចែកចាយវីដេអូទាំងនេះ ពីព្រោះនាំឱ្យពលរដ្ឋទាំងពីរស្អ.ប់ គ្នាទៅវិញទៅមក ហើយវាគ្មានប្រយោជន៍សម្រាប់ប្រទេសទាំងពីរទេ ។
កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham បានលើកឡើងពីស្ថានការណ៍សន្តិសុខរវាងកម្ពុជា និងថៃ នៅប្រាសាទតាមាន់ធំ ថា មេបញ្ជាការកងទ័ពជើងគោកថៃបានរាយការណ៍ស្ថានការណ៍ឱ្យលោកជ្រាបហើយ ។ ថៃពុំបានបង្កើនកម្លាំងទ័ពនៅប្រាសាទតាមាន់ធំទេ គឺថៃគ្រាន់តែត្រៀមកម្លាំងទ័ពដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួនប៉ុណ្ណោះ ។ ប៉ុន្តែសូមពលរដ្ឋថៃបញ្ឈប់ទង្វើញុះញង់ក្នុងបណ្តាញសង្គមនាំឱ្យមានការស្អ.ប់ខ្ពើ.មជាតិសាសន៍ ។.jpg)
លោក Phumtham រដ្ឋមន្ត្រីក្រសួងការពារជាតិនិយាយថា មន្ត្រីកម្ពុជា និងថៃ បានជជែកគ្នាពីបញ្ហាព្រំដែនជានិច្ច បច្ចុប្បន្ន នៅតំបន់ព្រំដែនប្រទេសពីរគ្មានបញ្ហាអ្វីទេ ។ ថៃបានបញ្ឈប់សកម្មភាពនៅតំបន់មានបញ្ហាជាមួយកម្ពុជា ដើម្បីការពារកុំឱ្យបញ្ហារាលដាលកាន់តែខ្លាំងឈានទៅកើតជម្លោះ ។.jpg)
ចំណែកការបង្ហោះវីដេអូក្នុងបណ្តាញសង្គមរបស់ពលរដ្ឋថៃ ដើម្បីឱ្យមានការស្អប់ខ្ពើមពលរដ្ឋប្រទេសជិតខាង គឺលោក Phumtham បានស្នើទៅកាន់សារព័ត៌មានថៃទាំងអស់ជួយសហការកុំផ្សព្វផ្សាយ ឬចែកចាយវីដេអូក្នុងបណ្តាញសង្គមទាំងនេះ ពីព្រោះប្រទេសកម្ពុជា និងថៃ នៅតែមានទំនាក់ទំនងល្អជាមួយគ្នា ។ ទង្វើណាមួយដែលធ្វើឱ្យកើតបញ្ហា និងប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ សូមឱ្យកម្ពុជា និងថៃ ជួយគ្នាទប់ស្កាត់ទង្វើទាំងនោះ ដើម្បីកុំឱ្យបញ្ហារាលដាលកាន់តែខ្លាំង ។
គួរបញ្ជាក់ថា តាំងពីហេតុការណ៍កងទ័ពថៃហាមឃាត់ពលរដ្ឋខ្មែរ មិនឱ្យច្រៀងចម្រៀងជាតិនៅប្រាសាទតាមាន់ធំ ស្ថិតលើភ្នំដងរែក ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនខេត្តសុរិន្ទ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមថៃកាត់តវីដេអូជាច្រើនបង្ហោះក្នុងបណ្តាញសង្គម ជាពិសេស TikTok ដើម្បីញុះញង់ឱ្យពលរដ្ឋថៃស្អប់ពលរដ្ឋប្រទេសជិតខាង ។ ជាក់ស្តែង វីដេអូក្នុង TikTok ថៃខ្លះបង្ហោះតែរឿងអវិជ្ជមានថា ពុំរាប់ញាតិជាមួយកម្ពុជា ហើយសូម្បីតែថៃគ្នាឯង ក៏ពុំគាំទ្រវីដេអូទាំងនេះដែរ ៕










