បរទេស៖ គម្រោងការនាំយកសត្វដែលបានផុតពូជអោយមានជីវិតនៅលើផែនដីវិញរបស់អ្នកវិទ្យាសាស្ត្រមានសង្ឃឹមហើយ ក្រោយការយកDNAរបស់សត្វដំរីរោមវែង Mammoth ទៅបង្កាត់លើសត្វកណ្ដុរបានជោគជ័យ និងទទួលបានកណ្ដុរប្រភេទថ្មីដែលមានរោមវែងមានឈ្មោះថា Woolly Mice។
ក្រោយពីបានសិក្សាលើDNA របស់សត្វដំរីយក្សចំនួនជាង ៥០ក្បាលដែលបានរកឃើញកន្លងមក មន្ទីរពិសោធន៍នៅក្នុងរដ្ឋ Dallas សហរដ្ឋអាមេរិក បានបង្កើតសត្វកណ្ដុររោមវែងថ្មីមួយប្រភេទឡើងមក ដោយយកDNA សត្វដំរីរោមវែង Woolly Mammoth កាលពីសម័យបុរេប្រវត្តិនោះចាក់បញ្ចូលជាមួយនឹង DNAសត្វកណ្ដុរធម្មតាប្រើប្រាស់បច្ចេកទេស Crispr Method ដែលជាការកាត់និងតភ្ជាប់ហ្សែនរបស់សាពាង្គកាយមានជីវិតពីរផ្សេងគ្នាដាក់រួមគ្នាបានដោយជោគជ័យកាលពីថ្មីៗនេះ។
សូមជម្រាបថា Woolly Mammoth គឺជាប្រភេទសត្វដំរីយក្សដែលធ្លាប់មានជីវិតនៅផែនដីក្នុងយុកសម័យទឹកកក ហើយពួកវាមានមាឌធំសម្បើម និងមានរោមវែងក្រាស់ ។ សម្រាប់សត្វកណ្ដុរដែលបង្កាត់ចេញមកថ្មីនេះ មានទំហំប៉ុនកណ្ដុរទូទៅដែរ គ្រាន់ខុសប្លែកត្រង់រោមរបស់វាដែលមានសភាពវែងនិងក្រាស់ប៉ុណ្ណោះ។ .jpg)
ការសិក្សាមួយទៀតបានបង្ហាញថា ពូជសត្វដំរីអាស៊ីដែលរស់នៅសព្វថ្ងៃគឺមានជាប់DNAរបស់ដំរី Woolly Mammoth រហូតដល់ទៅ 99.6% ។ បច្ចុប្បន្នអ្នកវិទ្យាសាស្រ្តមានគម្រោងអនុវត្តបច្ចេកទេស Crispr Method នេះ ម្ដងទៀតដោយធ្វើការយកDNA របស់ដំរីWoolly Mammothសាកល្បងដាក់បញ្ចូលរួមជាមួយពូជដំរីអាស៊ីដើម្បីចាំមើលលទ្ធផលថាអាចនឹងចេញជាពូជសត្វដំរី Woolly Mammothដែរ ឬទេ។
យ៉ាងណាមិញថ្វីត្បិតថាការបង្កាត់សត្វកណ្ដុរWoolly Mice ទទួលបានសត្វប្រភេទថ្មីដែលមានទំហំតូចល្អិតក៏ពិតមែន ប៉ុន្តែវាគឺជាក្ដីសង្ឃឹមរបស់ក្រុមអ្នកវិទ្យសាស្រ្តក្នុងការនាំយកសត្វដែលបានផុតពូជទៅទាំងឡាយផ្សេងទៀត អោយមានជីវិតជាថ្មីម្ដងទៀតនៅលើផែនដីនេះ៕










