រាជធានីភ្នំពេញ៖ ស្រី្តម្នាក់ត្រូវជាភរិយារបស់លោកគ្រូបង្ហាត់ប្រដាល់ ខឹងប្ដីមិនចូលខ្លួនមកដោះស្រាយបញ្ហាផ្ទៃក្នុងគ្រួសារ ក៏សម្រេចចិត្តចាក់សោររបងផ្ទះពីខាងក្រៅបង្ខាំងកូនសិស្សហាត់ប្រដាល់ជិត១០នាក់អោយខកខានមិនបានទៅប្រកួត។ .jpg)
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទីទី៧ មីនា ឆ្នាំ២០២៥ ស្ថិតនៅភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
តាមការសាកសួរកីឡាករដែលត្រូវជាប់សោរក្នុងផ្ទះបានអោយដឹងថា ពួកខ្លួនជាកូនសិស្សរបស់លោកគ្រូឆេន ឆាយ ដែលសព្វថ្ងៃកំពុងហាត់រៀននិងស្នាក់នៅជាមួយលោកគ្រូ។ ប្រភពដដែលនេះបានបន្តថា ប៉ុន្តែមុនពេលមានហេតុការណ៍ចាក់សោរពីក្រៅនេះ គឺលោកគ្រូ និងភរិយារបស់គាត់បានមានជម្លោះជាមួយគ្នា ហើយបន្ទាប់មកលោកគ្រូក៏ចាកចេញបាត់ទៅ។ ក្រោយមកទៀត បន្ទាប់មកភរិយារបស់លោកគ្រូបានទាក់ទងទៅកាន់ប្កីរបស់ខ្លួនដើម្បីអោយមកដោះស្រាយបញ្ហាជាមួយគ្នា ប៉ុន្តែប្ដីរបស់គាត់បែរជាមិនព្រមមក ដូច្នេះក៏ធ្វើការចាក់សោរផ្ទះដែលមានក្រុមកីឡាករទាំងអស់នៅខាងក្នុងអោយជាប់មិនអាចទៅប្រកួតបានតែម្ដង។ 
យោងតាមពាក្យសម្ដីរបស់ស្រ្តីដែលត្រូវជាភរិយាលោកគ្រូបាននិយាយថា ខ្លួននិងប្ដីរបស់ខ្លួនមានទំនាស់នឹងគ្នារហូតសម្រេចចិត្តថាលែងលះគ្នាទៅហើយ ប៉ុន្តែនៅជាប់បំណុលរួមគ្នាជាង១ម៉ឺនដុល្លាអាមេរិកទៀតដែលលោកគ្រូមិនព្រមដោះស្រាយ។ ស្រ្តីខាងលើបានបន្តថា សព្វថ្ងៃក្រុមកីឡាករក៏ស្ថិតក្រោមការមើលថែទាំរបស់គាត់ដែរ ដោយផ្ទះដែលក្រុមកីឡាករស្នាក់នៅនេះជាផ្ទះរបស់គាត់ ចំណែកការហូមចុកក៏គាត់ជាអ្នកជួយផ្គត់ផ្គង់ផងដែរ។ 
បន្ទាប់ពីទទួលបានព័ត៌មានថាមានហេតុការណ៍ដូចខាងលើកើតឡើង ខាងនគរបាលមូលដ្ឋានបានចុះទៅអន្តរាគមន៍ ដោយសម្របសម្រួលអោយក្រុមកីឡាករបានចេញមកខាងក្រៅបានវិញ។ ហើយភ្លាមៗបន្ទាប់ពីអាចចេញមកក្រៅបាន ក្រុមកីឡាករក៏នាំគ្នារៀបចំឥវ៉ាន់ចាកចេញពីផ្ទះកើតហេតុ និងប្រញាប់ធ្វើដំណើរទៅខេត្តបាត់ដំបងដោយសារត្រូវឡើងប្រកួត។ យ៉ាងណាមិញ ក្រុមកីឡាក៏បាននិយាយថា ពួកខ្លួនមិនបានខឹងនឹងភរិយារបស់លោកគ្រូដែលធ្វើបែបនេះទេ ហើយនឹងនៅតែគោរព និងដឹងគុណគាត់ជានិច្ចដែលជួយខ្លួនកន្លងមក ប៉ុន្តែខ្លួនប្រហែលមិនអាចបន្តនៅទីនេះបានទៀតទេ៕










