មុននឹងឡើងឆាកសម្តែងនៅលើទឹកដីអាម៉េរិកក្នុងពេលខាងមុខតារាចម្រៀង រ៉េត ស៊ូហ្សាណា បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងដែលនាងជាតារាចម្រៀងស្រីតែម្នាក់គត់ដែលមានឱកាសសម្តែងក្នុងកិច្ចប្រជុំកំពូលធុរៈកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ដោយបានរម្លឹកទៅកាន់ពេលវេលា៩ឆ្នាំមុនជាមួយបទ Power of love ។
កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ដែលបានរៀបចំឡើងនៅថ្ងៃទី៥-៦ មីនា នេះដោយបានផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។ កិច្ចប្រជុំកំពូល ក្រោមប្រធានបទ «ការពន្លឿនការតភ្ជាប់អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម» មានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាល និងអ្នកដឹកនាំធុរកិច្ចសំខាន់ៗ ដើម្បីស្វែងរកកាលានុវត្តភាព និងយុទ្ធសាស្រ្តសម្រាប់ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន។.png)
អ្វីដែលកាន់តែចាប់អារម្មណ៍ក្នុងស្រទាប់អ្នកគាំទ្រវិស័យសិល្បៈកម្សាន្តនោះគឺទស្សនិកជនបានចាប់អារម្មណ៍ទៅកាន់តារាចម្រៀង រ៉េត ស៊ូហ្សាណា ។ តាមរយៈវីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គមគេបានឃើញនាងបានចូលរួមសម្តែងក្នុងកម្មវិធីដ៏ធំមួយនេះ។ រ៉េត ស៊ូហ្សាណា បានលើកយកបទ «ស្រ្តីសេរី» ដែលជាបទលើកតម្កើនស្រ្តីទូទាំងពិភពលោក។ លើសពីនេះទៅទៀត ហ្សាណា គឺបានបកស្រាយបទជាភាសាអង់គ្លេស «Power of love » របស់ Céline Dion ដែលរម្លឹកទៅកាន់ឆ្នាំ២០១៦ ជាពេលវេលាដែលទស្សនិកជនស្គាល់ រ៉េត ស៊ូហ្សាណា តាមរយៈការប្រលងចម្រៀងលំដាប់ពិភពលោកក្នុងវ័យទើបតែ១៦ឆ្នាំនាពេលនោះ។

គួរកត់សម្គាល់ថា ចាប់តាំងពីបោះជំហានថ្មីមក រ៉េត ស៊ូហ្សាណា បានចូលរួមកម្មវិធីនានាជាបន្តបន្ទាប់មិនសូវជាបង្ហាញវត្តមានការប្រគំតន្រ្តីធំៗដូចកាលពីពេលមុននោះទេ។ ទោះជាយ៉ាងណា រ៉េត ស៊ូហ្សាណា ក៏ត្រៀមជាមួយនឹងការចេញទៅសម្តែងអន្តរជាតិដ៏ធំមួយលើទឹកដីសហរដ្ឋអាម៉េរិកនាខែកក្កដា ខាងមុខនេះជាមួយតារាចម្រៀង វណ្ណដា និងតារាចម្រៀងរួមទ្រនំផ្សេងទៀត។ ចុងក្រោយនេះ ហ្សាណា ក៏ទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនក្នុងការសហការជាមួយ យូហៃ លើបទចម្រៀង «2AM»៕










