មិនមែនជាសត្វចម្លែក ប៉ុន្តែមានរូបរាងខុសប្លែកពីសត្វដទៃបន្តិច! មានលក្ខណៈពិសេសជាច្រើនដែលអ្នកវិទ្យាសាស្រ្តចង់ដឹងនិងសិក្សាពីវា។
មានឈ្មោះថា ផ្លេទីផឹស (Platypus) ជាសត្វដែលរស់នៅលើគោកនិងប្រមាញ់ចំណីក្នុងទឹក សព្វថ្ងៃនៅសល់មិនច្រើននោះទេ ហើយសម្បូរជាងគេនៅភាគខាងកើតប្រទេសអូស្រ្តាលី។ 
ថ្វីត្បិតថាវាមានរូបរាងចម្លែកបន្តិច ប៉ុន្តែមនុស្សមួយចំនួនយល់ថាវាក៏គួរអោយស្រលាញដែរ។ ដងខ្លួនរបស់វាមានរោម មានជំពូសដូចជាសត្វទា គ្មានធ្មេញ មានជើងដូចសត្វភេរ និងកន្ទុយមូលប៉ោងទំហំប្រហែលក្បាលរបស់វា ហើយមានទម្ងន់ត្រឹម ១-២គីឡូក្រាមប៉ុណ្ណោះ។ វាជាសត្វស្ថិតប្រភេទថនិកសត្វចិញ្ចឹមកូនដោយទឹកដោះ ប៉ុន្តែក្រាបពង ហើយរោមរបស់វានឹងភ្លឺចាំងនៅពេលត្រូវពន្លឺUV។ វារស់នៅនិងដេកលើគោក ប៉ុន្តែមុជទឹកដើម្បីចាប់ចំណី ហើយចំណីរបស់ពួកវាគឺប្រភេទសត្វល្អិតដូចជាជន្លេន ដង្កូវ ត្រី ខ្យង និងខ្ចៅជាដើម។
ដោយលែកចំណុចដែលគួរអោយចាប់អារម្មណ៍របស់វាមួយទៀតនោះ គឺវាជាសត្វដែលមានពិស។ បើទោះបីជាវាគ្មានធ្មេញសម្រាប់ខាំ ប៉ុន្តែប្រសិនបើយើងមុតក្រចករបស់វានោះពិសរបស់វានឹងធ្វើអោយយើងឈឺចុកចាប់យ៉ាងខ្លាំង។

សព្វថ្ងៃសត្វមួយប្រភេទនេះកំពុងត្រូវបានគេចាត់ទុកជាសត្វកម្រដែលជិតផុតពូជ និងទទួលបានការភិរក្សពីខាងអ្នកការពារសត្វព្រៃ៕










