ប្រទេសថៃ ៖ មន្ត្រីនាំពាក្យកងទ័ពជើងគោកថៃបានបំភ្លឺទៅកាន់ពលរដ្ឋ កុំឱ្យយល់ច្រឡំមកលើកងទ័ពខ្មែរបន្តទៀត គឺរូបភាពវីដេអូកងទ័ពខ្មែរមួយក្រុមកាត់របងលួសនៅព្រំដែនជាប់ខេត្តស៊ីសាកេតរបស់ថៃនោះ គឺជាវីដេអូចាស់តាំងពីខែមករា ឆ្នាំ២០២៥ ដែលកងទ័ពខ្មែរ និងថៃបានសហការគ្នាជួសជុលរបងលួសនៅព្រំដែន ។ ប៉ុន្តែត្រូវបានសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមថៃយកវីដេអូនេះមកបង្ហោះឡើងវិញធ្វើឱ្យពលរដ្ឋថៃពុំពេញចិត្ត ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ។.jpg)
កាលពីថ្ងៃទី៥ ខែមីនា កន្លងមក លោក វីនថៃ សុវ៉ារី មន្ត្រីនាំពាក្យកងទ័ពជើងគោកថៃ បានបំភ្លឺករណីពលរដ្ឋថៃចែកចាយវីដេអូកងទ័ពកម្ពុជាកាត់របងលួសនៅតំបន់ព្រំដែនក្នុងបណ្តាញសង្គម ដោយលោកបញ្ជាក់ថា ក្រោយការត្រួតពិនិត្យរបស់កងទ័ពថៃឃើញថា វីដេអូនេះថតតាំងកាលពីខែមករា ឆ្នាំ២០២៥ មកម៉្លេះ ។ កងទ័ពខ្មែរកាត់របងលួសនេះ គឺស្ថិតនៅភាគខាងកើតច្រកតាតៅ ឃុំសៅថុងឆ័យ ស្រុកកាន់ថារ៉ាឡាក់ ខេត្តស៊ីសាកេត ។
លោកបន្តថា កាលពីឆ្នាំ២០១១ គឺមានជម្លោះរវាងកម្ពុជា និងថៃ ហើយថៃក៏បានធ្វើរបងលួសដើម្បីកំណត់ព្រំដែនលើកំពូលភ្នំ ប៉ុន្តែពេលវេលាកន្លងផុតទៅជាច្រើនឆ្នាំ របងលួសនេះខូចខាតនៅចំណុចខ្លះ ហើយលួសមួយចំនួនបានធ្លាក់ទៅខាងទឹកដីកម្ពុជា ។ ហេតុនេះ ទើបកងទ័ពខ្មែរ និងថៃសហការគ្នាកាត់លួសចាស់ៗចេញដើម្បីជួសជុលរបងឡើងវិញ ។ ប៉ុន្តែរូបភាពកងទ័ពខ្មែរកាត់របងនេះ ត្រូវបានអ្នកលេងបណ្តាញសង្គមថៃយកមកបង្ហោះជាថ្មី និងចោទប្រកាន់មកលើកងទ័ពខ្មែរ ។
ចំណែកមេបញ្ជាកងទ័ពទាំងពីរប្រទេសបានជ្រាបពីបញ្ហានេះរួចហើយ គឺភាគីទាំងពីរគ្មានបញ្ហាជាមួយគ្នាទេ ពីព្រោះវាជាការសហការគ្នាជួសជុលរបងរវាងកងទ័ពខ្មែរ និងថៃ នៅខែមករា ឆ្នាំ២០២៥ ។

កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានថៃ និងអ្នកលេងបណ្តាញសង្គមមួយចំនួនបានចែកចាយវីដេអូនេះ និងចោទប្រកាន់ថា កងទ័ពខ្មែរចូលមកកាត់របងលួសដែលកងទ័ពថៃធ្វើសម្រាប់ការពារព្រំដែន ទើបធ្វើឱ្យពលរដ្ឋថៃខឹងសម្បារដោយគ្មានពិចារណា ហើយនាំគ្នាស្តីបន្ទោសរដ្ឋាភិបាលរបស់ខ្លួន ។ ពលរដ្ឋថៃខ្លះសំណូមពរឱ្យរដ្ឋាភិបាលដាក់កាមេរ៉ា និងប្រើប្រាស់ដ្រូនស៊ើបការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីការពារបទល្មើសផ្សេងៗពីប្រទេសជិតខាង ៕










