Meta គឺជាក្រុមហ៊ុនមេរបស់ Facebook, Instagram និង WhatsApp បានប្រកាសពីគម្រោង Project Waterworth ដាក់ខ្សែកាបអ៊ីនធើរណេតនៅបាតសមុទ្រវែងបំផុតលើពិភពលោក គឺមានប្រវែងរហូតដល់៥ម៉ឺនគីឡូម៉ែត្រ ។ ខ្សែកាបនេះនឹងតភ្ជាប់បណ្តាញអ៊ីនធើរណេត និងបង្កើនការបញ្ជូន-ទទួលទិន្នន័យរបស់ប្រទេសនានាលើពិភពលោក ដូចជា ៖ សហរដ្ឋអាមេរិក ឥណ្ឌា អាហ្វ្រិកខាងត្បូង និងប្រេស៊ីល ។
.png)
គម្រោងនេះមានគោលដៅបង្កើនប្រសិទ្ធភាពការតភ្ជាប់បណ្តាញអ៊ីនធើរណេតទូទាំងពិភពលោក និងគាំទ្រការបំពាក់បច្ចេកវិទ្យា AI របស់ក្រុមហ៊ុន ។ ក្រុមហ៊ុននឹងប្រើប្រាស់បច្ចេកវិទ្យា 24 fibre-pair system ដែលអាចបញ្ជូន និងទទួលទិន្នន័យបានច្រើនជាងបច្ចេកវិទ្យាធម្មតា ។ នេះជាគម្រោងដ៏ធំមួយរបស់ Meta ហើយក្រុមហ៊ុននឹងមានតួនាទីលើសពីប្រព័ន្ធផ្សព្វផ្សាយ និងក្លាយជាក្រុមហ៊ុនពង្រីកបណ្តាញអ៊ីនធើរណេតលើពិភពលោក ។
.png)
បច្ចុប្បន្ន ការបញ្ជូន និងទទួលទិន្នន័យលើពិភពលោក ស្មើជាង៩៥% គឺត្រូវឆ្លងកាត់ខ្សែកាបអ៊ីនធើរណេតនៅបាតសមុទ្រ ដែលវាជាឧបករណ៍ដ៏សំខាន់នៃសេដ្ឋកិច្ចឌីជីថល ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស គឺ Google ក៏ទើបប្រកាសពីគម្រោងដាក់ខ្សែកាបអ៊ីនធើរណេតនៅបាតសមុទ្រដែរ សម្រាប់តភ្ជាប់ទ្វីបអាហ្រិ្វប និងអូស្ត្រាលី ហើយ Google បានវិនិយោគប្រាក់១ពាន់លានដុល្លារ ដើម្បីពង្រីកបណ្តាញខ្សែកាបអ៊ីនធើរណេតនៅមហាសមុទ្រប៉ាស៊ីហ្វិក ។
កាលពីមុន ការដាក់ខ្សែកាបអ៊ីនធើរណេតនៅបាតសមុទ្រ គឺជាតួនាទីរបស់ក្រុមហ៊ុនទូរគមនាគមន៍ជាតិ ប៉ុន្តែបច្ចុប្បន្ន ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដូចជា ៖ Meta និង Google បានចាប់ផ្តើមវិនិយោគបណ្តាញខ្សែកាបអ៊ីនធើរណេតកាន់តែច្រើន ។ នេះបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗមានឥទ្ធិពលកាន់តែខ្លាំងក្នុងការពង្រីកបណ្តាញឌីជីថលលើពិភពលោក ។.png)
ទោះជាខ្សែកាបអ៊ីនធើរណេតនៅបាតសមុទ្រមានប្រយោជន៍ខ្លាំងក្តី ប៉ុន្តែវាក៏មានបញ្ហាប្រឈមដែរ ដូចជា ៖ ការគំរាមបំផ្លាញ ឬការខូចខាត ជាពិសេស ពេលប្រទេសនានាមានជម្លោះនយោបាយ និងសេដ្ឋកិច្ច ។ អង្គការ NATO បានឃ្លាំមើលខ្សែកាបអ៊ីនធើរណេតនៅសមុទ្របាល់ទិក (Baltic Sea) ក្រោយពីវាបានខូចខាតជាច្រើនលើក ដោយសារជម្លោះនយោបាយ ។

Meta បញ្ជាក់ថា នឹងកប់ខ្សែកាបអ៊ីនធើរណេតនៅក្រោមបាតសមុទ្រក្នុងជម្រៅរហូតដល់៧,០០០ម៉ែត្រ សម្រាប់តំបន់ខ្លះ ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាពិសេសក្នុងតំបន់គ្រោះថ្នាក់ ដូចជា ៖ បវិវេណឆ្នេរសមុទ្រ ដើម្បីការពារការខូចខាត ។ ខ្សែកាបនេះនឹងឆ្លងកាត់តំបន់មានជម្លោះនយោបាយរវាងអឺរ៉ុប និងចិន ព្រមទាំងតភ្ជាប់បណ្តាញអ៊ីនធើរណេតរវាងអាមេរិក និងប្រទេសនានាដែលមានសេដ្ឋកិច្ចរីកចម្រើន ។ វានឹងធ្វើឱ្យអាមេរិកមានឥទ្ធិពលផ្នែកសេដ្ឋកិច្ចឌីជីថលលើពិភពលោក ៕










