«កោះឆ្លាម» ជាកោះដ៏ស្រស់ស្អាតមួយ ក្នុងចំណោមកោះដ៏ស្រស់ស្អាតជាច្រើនទៀតក្នុងខេត្តកោះកុង ដែលត្រូវបានអ្នកជំនាញទេសចរណ៍ហៅខេត្តនេះថា ជារតនៈសម្បត្តិធម្មជាតិ សម្រាប់បំរើឱ្យវិស័យទេសចរណ៍ដ៏មានសក្តានុពលបំផុត។ ទោះជាយ៉ាងណា ក្នុងចំណោមកោះទាំងអស់ “កោះឆ្លាម” ហាក់រំលងភ្នែកភ្ញៀវទេសចរបន្តិច ដោយសារកោះនេះនៅឆ្ងាយពីទីប្រជុំជន មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកោះកុង ជាប់ព្រំដែនកម្ពុជា-ថៃ ហើយមានមនុស្សតិចណាស់ដែលបានទៅដល់។
កោះឆ្លាមស្ថិតនៅឆ្ងាយពីកោះស្តេចប្រហែល ៣៥ គីឡូម៉ែត ជាកោះលាក់ខ្លួននៅដែនសមុទ្រខ្មែរ ដែរឆ្ងាយពីវត្តមានរបស់មនុស្ស។ លក្ខណៈពិសេសរបស់កោះឆ្លាមគឺ កោះនេះផ្គុំឡើងពីថ្មបន្តុបលើគ្នា ផ្ទៃទឹកជុំវិញកោះនេះមានសភាពថ្លាឈ្វង់ និងមានជីវចម្រុះជាច្រើនប្រភេទរស់នៅ ដែលជាចំនុចពិសេសសម្រាប់អ្នកចូលចិត្តមុជទឹកលេងកម្សាន្ត។ 
មិនតែប៉ុណ្ណោះភ្ញៀវទេសចរក៏អាចសម្រាកបោះតង់ ស្រូបយកខ្យល់អាកាសដ៏ត្រជាក់បរិសុទ្ធ អាំងសាច់ញ៊ាំជុំគ្នាជាមួយបងប្អូន គ្រួសារ និងមិត្តភក្តិ យ៉ាងសប្បាយរីករាយទៀតផង។ កោះឆ្លាម ដែលជាឋានសួគ៌ទេសចរណ៍បាតសមុទ្រកម្ពុជា មានទទឹងប្រវែង ៧៥ម៉ែត្រ បណ្តោយ ១២០ម៉ែត្រ និងកម្ពស់ ១៣ម៉ែត្រ។ ដូច្នេះសម្រាប់ភ្ញៀវទេសចរដែលមានចំណាប់អារម្មណ៌ចង់ប្តូរបរិយាកាសមុជទឹក ដើម្បីទស្សនាជីវចម្រុះនៅបាតសមុទ្រដ៏ថ្លាឈ្វង់ កោះឆ្លាមគឺជាជម្រើសដ៏ល្អបំផុត៕










