ផ្លូវរថភ្លើងល្បឿនលឿនដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍មានប្រវែងប្រហែល ១៤០ គីឡូម៉ែត្រ ដែលកាត់បន្ថយពេលវេលាធ្វើដំណើរពីជិត ៣ ម៉ោងទៅ ៤៥ នាទី។ ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនមានអត្ថប្រយោជន៍ជាច្រើនដូចជា៖ កាត់បន្ថយការកកស្ទះចរាចរណ៍ រួមទាំងជួយសម្រួលដល់ការដឹកជញ្ជូននអ្នកដំណើរ និងទំនិញនៅក្នុងប្រទេសជាដើម។ ដូច្នេះហើយតើអ្នកដឹងទេថា នៅអាស៊ីអាគ្នេយ៍យើងនេះប្រទេសណាដែលមានផ្លូវរថភ្លើងល្បឿនលឿនដំបូងគេបង្អស់?.png)
នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានប្រទេសសរុបចំនួន ១១ ក្នុងនោះប្រទេសដែលបានសាងសង់ផ្លូវរថភ្លើងល្បឿនលឿនដំបូងគេបង្អស់គឺ «ប្រទេសឥណ្ឌូនេស៊ី» ដែលដំណើរការផ្លូវដែកល្បឿនលឿនមុនគេ ដោយមានខ្សែតែមួយតភ្ជាប់ពីទីក្រុងចាកាតា និងបានឌុង។ ខ្សែនេះបានចាប់ផ្តើមដំណើរការដំបូងនៅខែតុលា ឆ្នាំ ២០២៣ ជាមួយសមត្ថភាពផ្ទុកកៅអី ៦០០ ដោយមានប្រវែង ១៣៨ គីឡូម៉ែត្រត្រូវបានដាក់ឈ្មោះជាផ្លូវការថា Whoosh។

Whoosh គឺជាអក្សរកាត់នៃពាក្យស្លោក “Waktu Hemat, Operasi Optimal, Sistem Handal” ដែលមានន័យថា “រថភ្លើងល្បឿនលឿនដែលសន្សំសំចៃពេលវេលា ប្រតិបត្តិការល្អបំផុត និងជាប្រព័ន្ធដែលអាចទុកចិត្តបាន”។ គម្រោងនេះត្រូវបានគេដឹងថាចំណាយដល់ ៧.៣ ពាន់លានដុល្លារអាមេរិកក្នុងការសាងសង់ ជាមួយនឹងល្បឿនអតិបរមា ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ដំណើរការដោយថាមពលអគ្គិសនី ដោយមិនមានការបំភាយកាបូនផ្ទាល់នោះទេ។

រថភ្លើងល្បឿនលឿន Whoosh អាចធ្វើដំណើរពីរដ្ឋធានី Jakarta ទៅកាន់រដ្ឋធានី Bandung ក្នុងខេត្ត West Java ត្រឹមរយៈពេល ៤៥ នាទីប៉ុណ្ណោះ ដែលការធ្វើដំណើរនេះមានប្រវែងប្រហែល ១៤០ គីឡូម៉ែត្រ ខណៈពីមុនត្រូវចំណាយពេលប្រហែល ៣ ម៉ោងទើបទៅដល់។ ក្រៅពីប្រទេសឥណ្ឌូនេស៊ី ប្រទេសថៃក៏កំពុងស្ថិតក្នុងដំណើរការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនដែលតភ្ជាប់ពីទីក្រុងបាងកក ជាមួយខេត្តនគររាជសីមាផងដែរ។

កាលពីខែកុម្ភៈ ឆ្នាំមុន រដ្ឋាភិបាលបានអនុម័តគម្រោងដំណាក់កាលទីពីរ ពីខេត្តនគររាជសីមា ទៅខេត្តណងខៃ ជាប់ព្រំដែនប្រទេសឡាវ ដែលរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០៣០។ នៅពេលដែលបានបញ្ចប់ គម្រោងនេះនឹងតភ្ជាប់ទៅផ្លូវរថភ្លើងល្បឿនលឿនឡាវ-ចិន ដែលអនុញ្ញាតឱ្យធ្វើដំណើរលឿនពីទីក្រុងបាងកក ទៅកាន់ទីក្រុងគុនមីង ប្រទេសចិន និងបន្ទាប់មកឆ្លងកាត់ប្រទេសឡាវ៕









