បន្ទាប់ពីការ Prank របស់ កាកា ទៅកាន់ក្មេងស្រីទួលសណ្តែកដីលក់រងនូវមតិរិះគន់ភ្លូកទឹកភ្លូកដី អ្នកបង្កើតមាតិកាល្បីឈ្មោះ Rick Kh បានចេញវីដេអូនិយាយអំពីអ្នកបង្កើតមាតិកាមួយចំនួនមិនត្រឹមតែរឿងនេះតែនៅមានអ្នកយកមនុស្សចាស់លេង Prank ដោយស្នើសុំបញ្ឈប់ការធ្វើមាតិកាបែបនេះ។ យ៉ាងណា ការចេញមុខនិយាយរបស់ Rick Kh បានធ្វើឱ្យអ្នកបង្កើតមាតិកាមួយរូបគឺ Nook Nook បានឆាតទៅ Rick Kh ហៅថាជាក្មេងខុសភេទ ជាហេតុផ្ទុះការរិះគន់យ៉ាងខ្លាំង។
កាលពីយប់ថ្ងៃទី២៧ Rick Kh បានចេញវីដេអូមួយដោយបានដាក់ខ្លឹមសារថា «ខ្ញុំដាច់ចិត្តនិយាយត្រង់ រឿងក្មេងលក់សណ្តែក ក៏ដូចរឿងធ្វើបាបមនុស្សចាស់ពីបងៗ Creator លេង Prank មួយចំនួនដែរ មិនមែនសុតតែអ្នកក្រចង់បានលុយទេ ខ្ញុំសំពះសុំ សូមបងប្អូន ឈប់លេង Prank បែបតក់ស្លុតចឹងទៅ»។ នៅក្នុងវីដេអូ អ្នកបង្កើតមាតិកាល្បីឈ្មោះរូបនេះថា អ្នកបង្កើតមាតិកាមួយចំនួនដែលចូលចិត្តយកអ្នកក្រមកលេងសើចជាពិសេសមនុស្សចាស់ មិនត្រឹមតែជាក្មេងស្រីលក់សណ្តែកដីនេះទេ ដោយវីដេអូនោះបានយកដំបងឱ្យមនុស្សចាស់ដេញវាយភ័យស្លុតស្លោរហើយតាំងយកអំណោយមកជូនគាត់….។ Rick Kh ថា បើសិនជាចង់ធ្វើអំណោចទឹកចិត្តសប្បុរសធម៌គួរតែធ្វើដោយចិត្តសប្បុរស ធ្វើអ្វីដែលល្អទើបសង្គមយើងជះឥទ្ធិពលល្អមកវិញ។
ទោះយ៉ាងណា ការចេញវីដេអូរបស់ Rick Kh និយាយអំពីការយកមនុស្សចាស់មក Prank បានធ្វើឱ្យអ្នកបង្កើតមាតិកាមួយរូបគឺ Nook Nook នៅមិនសុខបានឆាតទៅផេក Rick Kh គោប្រាក់ ដោយប្រើសម្តីថា «អាក្មេងខុសភេទ… ការនិយាយនេះរាលដាលដល់អ្នកណានិយាយរឿងសណ្តែកដីឱ្យដឹងសណ្តែកដី ព្រមទាំងចង់ជួបសម្ភាសន៍ Rick Kh ផ្ទាល់ចង់សួរនាំ…»។
ពាក្យសម្តីរបស់អ្នកបង្កើតមាតិកា Nook Nook ទៅកាន់ Rich Kh គោប្រាក់ថា ជាក្មេងខុសភេទនេះ បានធ្វើឱ្យសាធារណជនជាច្រើនបញ្ចេញមតិរិះគន់ចាស់ដៃទៅកាន់ Nook Nook ។
បន្ទាប់ពីសំឡេងរបស់ខ្លួនបានរីកសាយភាយនៅលើបណ្តាញសង្គម Nook Nook បានលើកឡើងថា រូបលោកសម្តីអាក្រក់តែចិត្តមិនអាក្រក់ទេ។ លោកបានសរសេរថា «អ្នកដែលស្គាល់ខ្ញុំដឹងពីចរិតខ្ញុំច្បាស់ហើយ ខ្ញុំមិនចេះយកមុខមាត់ដោយសារអ្នកដទៃទេ ខ្ញុំមិនដែលប៉ះពាល់អ្នកណាទេ ខ្ញុំមាត់អាក្រក់តែចិត្តខ្ញុំមិនអាក្រក់ឡើយ ខនថេនខុសគ្នា អ្នកដែលមើលវីដេអូខ្ញុំ គឺដឹងហើយ បើខ្ញុំអាក្រក់ មិនមែនខ្ញុំនៅដល់ថ្ងៃនេះទេ»។
Nook Nook បានបង្ហោះទៀតថា ការឆាតរបស់ខ្លួនទៅកាន់ Rick Kh មិនមានបំណងនិយាយសម្តៅទៅលើបងប្អូនភេទទី៣នោះទេ គេជាអ្នកប៉ះលោកមុនទេព្រោះចរិតរបស់លោកមិនដែលចេះប៉ះពាល់អ្នកណាមុនឡើយ៕










