ប្រទេសថៃ ៖ កងទ័ពថៃបានប្រាប់ពលរដ្ឋរបស់ខ្លួនថា ៖ «សូមកុំជឿតាមវីដេអូផ្សេងៗដែលបង្ហោះក្នុងបណ្តាញសង្គម ដែលធ្វើឱ្យកម្ពុជា និងថៃ មានបញ្ហាពុំចេះចប់ នាពេលកន្លងមក ។ វាជារឿងចាស់យូរហើយ កុំចេះតែជឿដោយមិនបានពិចារណា ហើយវីដេអូដែលបានឃើញកន្លងមក វាជាវីដេអូចាស់ៗទេ ។ ការយកវីដេអូចាស់មកបង្ហោះ គឺនាំឱ្យកម្ពុជា និងថៃ មានបញ្ហាពុំចេះចប់» ។

កងទ័ពថៃបានប្រាប់ពលរដ្ឋខ្លួនកុំជឿតាមការញុះ ញ.ង់របស់បុគ្គលមួយចំនួន ដែលយកវីដេអូកងទ័ពខ្មែរច្រៀងចម្រៀងជាតិនៅមុខប្រាសាទតាមាន់ធំយូរឆ្នាំហើយ មកបង្ហោះសាជាថ្មី ។ វីដេអូវីដេអូកងទ័ពខ្មែរមួយក្រុមច្រៀងចម្រៀងជាតិនៅខាងមុខប្រាសាទតាមាន់ធំ ស្ថិតលើភ្នំដងរែក ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនខេត្តសុរិន្ទ ត្រូវបានពលរដ្ឋថៃយកមកបង្ហោះចែកចាយក្នុងបណ្តាញសង្គមជាច្រើន ជាពិសេស គឺ TikTok ។ ពលរដ្ឋថៃទាំងនេះអះអាងថា កន្លងមក ពលរដ្ឋខ្មែរមួយក្រុមបានមកច្រៀងចម្រៀងជាតិនៅប្រាសាទតាមាន់ធំ លើកនេះ កងទ័ពខ្មែរច្រៀងម្តង ។

កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មាន Thairath រាយការណ៍ថា កងទ័ពថៃ (Suranaree Command ឬ Suranaree Task Force) ការពារព្រំដែន បញ្ជាក់ថា វីដេអូកងទ័ពខ្មែរមួយក្រុមច្រៀងចម្រៀងជាតិនៅមុខប្រាសាទតាមាន់ធំ គឺជាវីដេអូយូរឆ្នាំហើយ តាំងពីឆ្នាំ១៩៩៥ មកម៉្លេះ ។ ហេតុនេះ កងទ័ពថៃបានសំណូមពរកុំឱ្យពលរដ្ឋជឿតាមការញុះញង់របស់បុគ្គលមួយចំនួនដែលចង់បង្កឱ្យកើតជម្លោះរវាងកម្ពុជា និងថៃ ពីព្រោះស្ថានការណ៍ត្រឡប់មកប្រក្រតីវិញហើយ ក្រោយពីទាហានកម្ពុជា និងថៃ បានចរចាគ្នា ។
កងទ័ពថៃការពារព្រំដែននៅខេត្តសុរិន្ទ បាននិយាយមកកាន់សារព័ត៌មាន Thairath ថា វីដេអូកងទ័ពខ្មែរច្រៀងចម្រៀងជាតិនៅមុខប្រាសាទតាមាន់ធំ ដែលពលរដ្ឋថៃកំពុងតែចែកចាយយ៉ាងច្រើននាពេលបច្ចុប្បន្ន គឺជាវីដេអូចាស់ទេ កងទ័ពខ្មែរច្រៀងចម្រៀងនេះជាច្រើនឆ្នាំហើយ ។ តាមការសង្កេតមើលឯកសណ្ឋានឃើញថា វាជាឯកសណ្ឋានចាស់ក្នុងអំឡុងឆ្នាំ១៩៩៥ រីឯតួប្រាសាទពុំទាន់កែលម្អនៅឡើយ គឺមិនដូចប្រាសាទនាពេលបច្ចុប្បន្ន ។

ហេតុនេះ សូមពលរដ្ឋថៃកុំជឿតាមវីដេអូផ្សេងៗដែលបង្ហោះក្នុងបណ្តាញសង្គម ដោយសារមានបុគ្គលមួយចំនួនចង់បង្កបញ្ហា ហើយចង់ឱ្យពលរដ្ឋថៃយល់ច្រឡំមកលើកម្ពុជា ក៏កើតជាជម្លោះរវាងប្រទេសទាំងពីរ ។ បច្ចុប្បន្ន ស្ថានការណ៍នៅប្រាសាទតាមាន់ធំល្អធម្មតាទេ ហើយកងទ័ពទាំងពីរប្រទេសបានចរចាគ្នារួចហើយ តាំងពីមន្ត្រីថ្នាក់ក្រោម រហូតដល់មន្ត្រីជាន់ខ្ពស់ ព្រមទាំងអនុញ្ញាតឱ្យភ្ញៀវទេសចរទាំងពីរប្រទេសមកទស្សនា ។ នេះបើតាមការបញ្ជាក់របស់កងទ័ពថៃនៅខេត្តសុរិន្ទ ។
ដោយឡែក ករណីពលរដ្ឋថៃមួយក្រុមដែលធ្វើដំណើរពីទីក្រុងបាងកក ដើម្បីមកទស្សនានៅប្រាសាទតាមាន់ធំ និងស្តាប់មគ្គុទ្ទេសក៍ទេសចរថៃរៀបរាប់ពីព្រំដែនខ្មែរ-ថៃ ប៉ុន្តែត្រូវបានកងទ័ពខ្មែរឈរជើងនៅប្រាសាទតាមាន់ធំ ចូលមកហាមឃាត់នោះ គឺកងទ័ពថៃនឹងបំពេញតួនាទីជាមគ្គុទ្ទេសក៍ដោយផ្ទាល់ ដើម្បីកុំឱ្យមានការយល់ច្រឡំទៀត ៕










