ទន្ទឹមនឹងចូលរួមកម្មវិធី Bvlgari កាលពីចុងសប្តាហ៍មុន តារាចម្រៀងនិងម៉ូដែលវៀតណាម Ho Ngoc Ha បាននាំក្រុមគ្រួសាររបស់ខ្លួនទៅកម្សាន្តនៅប្រាសាទអង្គវត្ត កន្លែងទេសចរណ៍ដ៏ល្បីនៅខេត្តសៀមរាប។ ដំណើរកម្សាន្តនេះមានទាំងកូនៗ ស្វាមី ម្តាយបង្កើតនិងឪពុកម្តាយក្មេករបស់តារាចម្រៀងរូបនេះផងដែរ។ 
នៅថ្ងៃទី២៥ កុម្ភៈ តារាចម្រៀង Ho Ngoc Ha បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្តាញសង្គមហ្វេកប៊ុកដែលមានអ្នកតាមដានជាង៥លាននាក់ ប្រកបដោយស្នាមញញឹមចំពោះដំណើរកម្សាន្តជុំគ្រួសារបន្ទាប់ពីបំពេញការងារនៅលើទឹកដីកម្ពុជា។ តារាចម្រៀងរូបនេះគឺជាមុខមាត់មួយរូបរបស់ម៉ាកយីហោប្រណីត Bvlgari ដោយបានចូលរួមកម្មវិធីនេះជាច្រើនកន្លែងជួបតារាល្បីៗដែលផ្សព្វផ្សាយពីម៉ាកយីហោនេះ។

តាមប្រព័ន្ធផ្សព្វផ្សាយវៀតណាមបានឱ្យដឹងថា តារាចម្រៀងរូបនេះ ជារឿយៗនាងនាំសាច់ញាត្តិរបស់ខ្លួនចូលរួមនៅពេលមានកម្មវិធី ដើម្បីឱ្យគ្រួសារមានអនុស្សាវរីយ៍កាន់តែច្រើន។ តារាចម្រៀង Ho Ngoc Ha ថាការធ្វើដំណើរជួយឱ្យនាងនិងស្វាមីយល់ចិត្តគ្នាកាន់តែល្អខណៈលោកបានរួមដំណើរភរិយាទៅចូលរួមកម្មវិធីនានានៅក្រៅប្រទេស។
តារាចម្រៀង Ho Ngoc Ha មានអាយុ៤០ឆ្នាំ មានស្រុកកំណើតនៅខេត្ត Quang Binh បានចាប់អាជីពសិល្បៈក្នុងឆ្នាំ ២០០០។ ប៉ុន្មានឆ្នាំមកនេះ នាងបានបន្តអាជីពជាអ្នកចម្រៀងប៉ុប តារាបង្ហាញម៉ូត និងជាតារាសម្តែង ដោយទទួលបានងារជា «Queen of entertainment» នៅប្រទេសវៀតណាម។ ក្នុងឆ្នាំ ២០២០ បន្ទាប់ពីទាក់ទងគ្នាអស់រយៈពេល ៣ ឆ្នាំ តារាចម្រៀងរូបនេះបានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយផលិតករភាពយន្ត Kim Ly និងស្វាគមន៍កូនភ្លោះប្រុសស្រី។ មុននឹងបង្កកំណើតកូនភ្លោះតារាចម្រៀងរូបនេះគឺមានកូនប្រុសម្នាក់ជាមួយអតីតស្វាមី៕










