រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់ភ្នំ ៥៣ ដែលមានទីតាំងស្ថិតនៅភូមិអូរចោត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង គឺជារមណីយដ្ឋានដ៏ស្រស់ស្អាតមួយកន្លែង បានកំពុងទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តឥតឈប់ឈរ ខណៈតំបន់នេះក៏សម្បូរទៅដោយសក្តានុពលធម្មជាតិ មានព្រៃព្រឹក្សាខៀវស្រងាត់ និងទឹកធ្លាក់ត្រជាក់ល្ហឹម ដែលលោកអ្នកអាចចុះងូតទឹកលេងកម្សាន្តយ៉ាងសប្បាយរីករាយផងដែរ។

ក្រៅពីងូតទឹកលេងកម្សាន្ត លោកអ្នកក៏អាចគយគន់ទេសភាពធម្មជាតិពីលើកំពូលភ្នំ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ក៏ដូចជាបោះតង់ ទស្សនាទេសភាពព្រៃភ្នំ ស្តាប់សំឡេងវាយោ សំឡេងបក្សាបក្សី ទេសភាពពណ៌ខៀវខ្ចី ដើរលេងដោយថ្មើរជើងតាមតំបន់ធម្មជាតិភ្នំព្រឹក ពិសាកាហ្វេលើភ្នំ រួមទាំងបោះជំរុំ គយគន់ថ្ងៃរះ រហូតដល់ព្រះអាទិត្យអស្តង្គត ជាមួយទិដ្ឋភាពស្ងប់ស្ងាត់ និងធម្មជាតិដ៏ធំសម្បូរបែបបំផុត។
ដើម្បីធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍មួយនេះបាន លោកអ្នកត្រូវធ្វើដំណើរចេញតាមផ្លូវបវេល ត្រង់ផ្លូវបំបែកថ្មគោល ដែលមានចម្ងាយប្រហែល ១៣២ គ.ម ឬក៏យើងអាចធ្វើដំណើរកាត់តាមខេត្តប៉ៃលិន ដែលមានចម្ងាយប្រមាណ ១៥៥ គ.ម តាមផ្លូវក្រវាត់ ព្រំដែន ត្រង់ចំណុចភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង យើងនឹងឃើញមានស្លាកសញ្ញាទឹកធ្លាក់៥៣ នៅខាងឆ្វេងដៃ ហើយបត់ចូលទៅដល់ទីតាំងភ្នំ៥៣ ត្រឹមតែជាង ២ គីឡូម៉ែត្រទៀតប៉ុណ្ណោះ នឹងបានទៅដល់គោលដៅហើយ។
គួរបញ្ជាក់ផងដែរថា ក្រៅពីទឹកធ្លាក់ ទេសភាពធម្មជាតិ និង ខ្យល់អាកាសបរិសុទ្ធ រមណីយដ្ឋានភ្នំ៥៣ ក៏មានរូងមួយជាកន្លែងទីសក្ការៈបូជាដែលបន្សល់ទុកជាយូរណាស់មកហើយ រូងនេះទៀតសោតក៏ធ្លាប់ជាកន្លែងដែលដូនជី ឬអ្នកកាន់សីលនានាមកពីទីជិតឆ្ងាយតាំងសមាធិ ឬសូត្រធម៌ផងដែរ៕










