លោក Edson Brandao មកពីប្រទេសប្រេស៊ីល កើតនៅថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ១៩៦៧ ដែលបច្ចុប្បន្នលោកមានអាយុ ៥៨ ឆ្នាំហើយ ប៉ុន្តែលោកត្រូវបានមនុស្សជាច្រើនយល់ច្រឡំថា ជាបុរសវ័យក្មេងដែលមានអាយុត្រឹមតែ ២៨ ឆ្នាំប៉ុណ្ណោះ។ យោងតាមការចុះផ្សាយរបស់គេហទំព័របរទេស The Sun បុរសម្នាក់នេះកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គម ដោយសារសម្រស់ និងរូបរាងរបស់លោកមើលទៅក្មេងខុសធម្មតា ត្រូវបានមនុស្សជាច្រើនងឿងឆ្ងល់ និងចោតសួរពីអាថ៌កំបាំងរបស់លោក។

Edson បាននិយាយថា រូបរាងក្មេងជាងវ័យរបស់លោកមិនមែនមកពីការវះកាត់កែសម្ផស្សនោះទេ ដោយលោកបានសង្កត់ធ្ងន់ថា អាថ៍កំបាំងដើម្បីរក្សាភាពក្មេងជាងវ័យ គឺការហាត់ប្រាណ ការថែរក្សាស្បែក ការបរិភោគអាហារដែលមានសុខភាពល្អ និងការគិតវិជ្ជមាន។ បុរសម្នាក់នេះបានបន្តទៀតថា លោកតែងតែមានអារម្មណ៍ល្អ និងសប្បាយចិត្តជានិច្ច។

ជាការពិត ការសិក្សាថ្មីៗនេះបានបង្ហាញថា អារម្មណ៍ល្អ ឬសប្បាយចិត្តគ្រប់ពេលវេលា គឺមានអត្ថប្រយោជន៍ចំពោះសុខភាពរាងកាយខ្លាំងណាស់ ដោយវាអាចនាំឱ្យអាយុវែង មានសុខភាពល្អ និងខួរក្បាលមានភាពប្រសើឡើងជាងមុន។ Edson បានចែករំលែកថា តាំងពីក្មេងមក លោកបានចាប់អារម្មណ៍លើការហាត់ប្រាណ និងការថែរក្សាសុខភាព ដោយផ្តោតលើការរៀនពីទម្លាប់ល្អៗនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមជាប្រចាំ ហើយលោកបានរក្សាទម្លាប់ទាំងនេះអស់រយៈពេល ១៧ ឆ្នាំមកហើយ។ 
នោះហើយជាមូលហេតុដែលលោកមើលទៅក្មេងជាងអាយុពិតរបស់លោក។ ដូច្នេះអាថ៌កំបាំងរបស់លោករួមមាន៖ ការហាត់ប្រាណរៀងរាល់ថ្ងៃរយៈពេល ៤០ នាទីដោយការលើកទម្ងន់ និងធ្វើ cardio។ ទម្លាប់នៃការថែរក្សាស្បែកឱ្យបានត្រឹមត្រូវដូចជា លាបឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃ និងការប្រើរបាំងដីឥដ្ឋម្តងក្នុងមួយសប្តាហ៍។ ការបរិភោគអាហារដែលមានសុខភាពល្អដូចជា បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ ទឹកដោះគោ ត្រី និងស៊ុត។

ការគេងឱ្យបាន ៧ ទៅ ៩ ម៉ោងក្នុងមួយថ្ងៃ រួមទាំងការផឹកឱ្យបានគ្រប់គ្រាន់ និងការគ្រប់គ្រងអារម្មណ៍ ដោយបញ្ចូលបច្ចេកទេសបន្ធូរអារម្មណ៍ ដូចជាការធ្វើសមាធិ ឬយូហ្គា ដើម្បីទប់ទល់នឹងភាពតានតឹង ស្ត្រេស ក៏ដូចជាការចូលរួមសកម្មភាពជាមួយសង្គមឱ្យបានច្រើន ជៀសវាងការនៅឯកោ ឬម្នាក់ឯង និងរក្សាផ្នត់គំនិតវិជ្ជមានជាដើម។ គួរបញ្ជាក់ដែរថា បច្ចុប្បន្នបុរសរូបនេះ គឺជាអ្នកនិពន្ធ និងជាម្ចាស់អាជីវកម្មដ៏ធំមួយដែលប្រតិបត្តិការក្នុងវិស័យសារព័ត៌មាន៕









