ប្រទេសចិន ៖ ថ្មីៗនេះ ពលរដ្ឋចិនបានចែកចាយអាហារប្លែកបំផុតក្នុងបណ្តាញសង្គម គឺសរសៃដែកកអាំងប្រឡាក់គ្រឿង ។ អាហារប្លែកនេះត្រូវបានពលរដ្ឋចិនសរសើរមិនដាច់ពីមាត់ថា ពេលបរិភោគក្តៅៗ វាពិតជាមានរសជាតិឆ្ងាញ់ណាស់ បើបានសាករសជាតិម្តងហើយ នឹងចង់សាកម្តងទៀត ។ អ្នកលក់នឹងលក់ចាប់ពីកន្លះគីឡូក្រាមឡើងទៅ ក្នុងតម្លៃ១៥ដុល្លារអាមេរិក ហើយពេលបរិភោគរួច ពុំចាំបាច់ប្រគល់ដែកឱ្យអ្នកលក់វិញទេ ។

កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ អ្នកលេង TikTok បានចែកចាយមុខម្ហូបប្លែកនេះយ៉ាងច្រើន ក្រោយពីគណនី TikTok ឈ្មោះ @aroisudjeen (អារ៉យស៊ុតជីន) ដែលតែងតែបង្ហោះវីដេអូអាហារប្លែកៗនៅគ្រប់ទីកន្លែងក្នុងប្រទេសចិន បានបង្ហោះវីដេអូអាហារប្លែកមួយ ដែលធ្វើឱ្យអ្នកទស្សនាឃើញហើយភ្ញាក់ផ្អើលគ្រប់គ្នា និងនិយាយថា «ដែកចង្កាក់អាំង» ។
សរសៃដែកអាំងប្រឡាក់គ្រឿង គឺជាអាហារប្លែកមួយនៅទីក្រុងវេនចូវ ប្រទេសចិន ។ អ្នកលក់នឹងប្រើប្រាស់សរសៃដែកមានទំហំតូចល្មម មកតម្រៀបអាំងនៅលើភ្លើងស្រដៀងនឹងសាច់ដោតចង្កាក់ ឬសាច់ក្រក ។ បន្ទាប់មក អ្នកលក់នឹងលាបខ្លាញ់ពីលើ រួចហើយ ដាក់ផ្សំគ្រឿងផ្សេងៗ ដូចជា ៖ ម្ទេស, ទឹកជ្រលក់, ស្លឹកខ្ទឹម និងខ្ទឹមសរ ដែលមើលទៅ គួរឱ្យចង់សាកល្បង ។.jpg)
បុរសលក់សរសៃដែកអាំងប្រឡាក់គ្រឿង និយាយបែបកំប្លែងថា ៖ «បើអ្នកមានធ្មេញរឹងមាំ អាចទំពារវាបាន ប៉ុន្តែបើធ្មេញអត់រឹងមាំទេ ទាល់តែជញ្ជក់យកជាតិ ។ អតិថិជនត្រូវជញ្ជក់វាតែពេលក្តៅៗប៉ុណ្ណោះ បើមិនអីចឹងទេ អត់ឆ្ងាញ់ទេ» ។
អតិថិជនទិញសរសៃដែកអាំងប្រឡាក់គ្រឿង អាចជញ្ជក់វាយកជាតិហឹរៗដែលអ្នកលក់ដាក់ឱ្យ រួចហើយ អតិថិជនអាចយកដែកនេះទៅប្រើប្រាស់នៅផ្ទះបាន ពុំបាច់ប្រគល់ឱ្យអ្នកលក់វិញទេ ។ អ្នកលក់នឹងលក់ចាប់ពីកន្លះគីឡូក្រាមឡើងទៅ ក្នុងតម្លៃ១៥ដុល្លារអាមេរិក ។
ពេលវីដេអូអាហារប្លែកបានបង្ហោះក្នុងបណ្តាញសង្គមធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ហើយមានចំនួនទស្សនារហូតដល់ជាង ៣លានលើក ។ អ្នកទស្សនាម្នាក់សួរថា ដែកអាំងលើភ្លើងក្តៅៗអីចឹង តើត្រូវរង់ចាំប៉ុន្មាននាទី ទើបអាចបរិភោគគ្រឿងផ្សំវាបាន? រីឯអ្នកទស្សនាវីដេអូផ្សេងទៀតថា ពិតជាអាហារប្លែកមែន នៅប្រទេសចិនសម្បូរអាហារប្លែកៗបង្ហោះក្នុងបណ្តាញសង្គមជានិច្ច ៕










