ប្រាសាទផ្ទី ដែលមានទីតាំងស្ថិតនៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប គឺជាប្រាសាទដ៏ចំណាស់មួយស្ថិតនៅចំកណ្តាលបារាយណ៍នៃប្រាសាទបេងមាលាតែម្តង កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ប្រាសាទបុរាណនេះមានលក្ខណៈស្រស់ស្អាតប្លែក នៅចំកណ្តាលទឹកបឹងដ៏ថ្លាឈ្វង់ ជាប្រាសាទមានរាងការ៉េ ដែលមានប្រវែង ១៥ ម៉ែត្របួនជ្រុង និងមានជញ្ចាំងព័ន្ធជុំវិញកម្ពស់ ១ ម៉ែត្រកសាងអំពីថ្មភក់ និងថ្មបាយក្រៀម។
ប្រាសាទផ្ទីត្រូវបានសាងសង់ឡើងនៅចុងសតវត្សរ៍ទី ១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ ដើម្បីឧទ្ទិសថ្វាយពុទ្ធសាសនាមហាយាន ដោយមានរចនាបថដូចប្រាសាទបាយ័ន។ នៅចំកណ្តាលប្រាសាទ គេតម្កល់រូបព្រះពុទ្ធប្រក់នាគសរុបទាំងខឿនកម្ពស់ ៦,៥ ម៉ែត្រ ដែលកន្លែងនេះហើយគឺមានភាពលេចធ្លោរ និងទាក់ទាញខ្លាំងបំផុត។ 
ភ្ញៀវទេសចរអាចមកទស្សនាទីនេះដើម្បីសិក្សា និងស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សម្បូរបែប ក៏ដូចជាភាពអស្ចារ្យនៃសំណង់ ជាមួយបរិវេនធំទូលាយ និងស្រឡះតែម្តង រួមទាំងមានទេសភាពស្ងប់ស្ងាត់ មានព្រៃឈើពណ៌បៃតងខៀវខ្ចី ផ្តល់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ភ្ញៀវទេសចរ។ ទោះជាយ៉ាងណាប្រាសាទដ៏ល្អឯកនេះ បច្ចុប្បន្នគឺមិនសូវមានការអភិវឌ្ឍនោះទេ មានន័យថាផ្លូវធ្វើដំណើរទៅកាន់ប្រាសាទគឺមានភាពលំបាកបន្តិច៕










