ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងដាក់លក់ទិដ្ឋាការឈ្មោះ បណ្ណមាស (Golden Card) ក្នុងតម្លៃ ៥លានដុល្លារ ដើម្បីលក់ឱ្យជនអន្តោប្រវេសន៍ ឬជនបរទេសដែលចង់បានសញ្ជាតិអាមេរិក។
លោក ដូណាល់ ត្រាំ លើកឡើងថា៖” ការដាក់លក់បណ្ណមាស (Golden Card)នេះ អាចនឹងអាចចាប់ផ្តើមនៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ”។
បណ្ណមាស (Golden Card)នេះ នឹងអនុញ្ញាតឱ្យជនបរទេសទទួលបានសញ្ជាតិអាមេរិកភ្លាមៗ ដោយពុំចាំបាច់ត្រូវធ្វើការវិនិយោគក្នុងអាជីវកម្មនៅសហរដ្ឋអាមេរិក។
បើតាម រដ្ឋលេខាធិការពាណិជ្ជកម្ម លោក Howard Lutnick បានលើកឡើងថា៖”បណ្ណមាសនេះ នឹងមានប្រសិទ្ធភាពជំនួសទិដ្ឋាការអ្នកវិនិយោគអន្តោប្រវេសន៍ EB-5 បច្ចុប្បន្ន ដែលតម្រូវឱ្យជនបរទេសវិនិយោគយ៉ាងតិច១.០៥ លានដុល្លារ ក្នុងអាជីវកម្ម ដែលអាចរកចំណូលបាន៨០មុឺនដុល្លារ នៅក្នុងតំបន់ជនបទ”។
បច្ចុប្បន្ននេះ គេនិយមប្រើបណ្ណបៃតង (Green Card) ដែលផ្តល់សិទ្ធិឱ្យជនបរទេសរស់នៅ និងធ្វើការនៅសហរដ្ឋអាមេរិក តែត្រូវបន្តទិដ្ឋាការជារៀងរាល់១០ឆ្នាំម្តងដូចជាលិខិតឆ្លងដែន៕










