ព្រៃកោងកាងគឺជាសម្បត្តិធម្មជាតិដ៏មានតម្លៃបំផុត ដែលអាចផ្ដល់ជាជម្រកសម្រាប់មច្ឆាជាតិ ការពារសំណឹកដី ជារបៀងជម្រកតភ្ជាប់ពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ រួមទាំងជាកន្លែងបង្កាត់ពូជ និងថ្នាលសម្រាប់សរីរាង្គសត្វសមុទ្រមួយចំនួនទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpQMLRpaJxDKWKGU4g1aeCVDZI7FmRxGCUZwnGYHW5U-kwV-6zUEP5Sq_BVmO-a6EKybpr1cxLTT5T_gI3XKvn6raH85wM-9Epw1tTkyfulK4gl8t66PRRAI1JDNlNn4NSQvaHvU2IJI8zkbv0bFw61Ry58xtwwzIX3RsKOViy7p61fyc1BAXFVKlZG0-0/s1820/image_2025-02-25_13-30-40.png

ព្រៃកោងកាងនៅក្នុងប្រទេសកម្ពុជា មិនត្រឹមតែជាតំបន់សហគមន៍អេកូទេសចរណ៍ មានសារៈសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីប៉ុណ្ណោះទេ វាក៏បានបង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋផងដែរ។ ដូច្នេះហើយខាងក្រោមនេះគឺជាតំបន់ព្រៃកោងកាងចំនួន ៣ ដែលមានទេសភាពល្អឯកដូចផ្ទាំងគំនូរ ដែលលោកអ្នកគួរទៅលេងកម្សាន្តឱ្យបានម្តងក្នុងមួយឆាកជីវិត។

១.ឧទ្យានជាតិរាម៖ ឧទ្យានជាតិរាម មានទីតាំងស្ថិតនៅទិសនិរតីនៃប្រទេសកម្ពុជា ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលនៅខាងត្បូងជាប់នឹងឈូងសមុទ្រថៃ។ ឧទ្យានជាតិនេះជាតំបន់សម្បូរទៅដោយសត្វសមុទ្រ មានទេសភាពប្រណីតនៅតាមកោះ និងឆ្នេរសមុទ្រប្រកបដោយខ្សាច់សក្បុស ទឹកសមុទ្រមានគុណភាព ជាពិសេសក៏មានព្រៃកោងកាងដ៏ស្រស់ស្អាត ដែលបានទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនានៅទីនេះមិនចេះជិនណាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbyDvobRANTBE0J09ClUF-s0s5UIm1Wq6nXfD9NliQrLSDA7bhCgpznAVqTqXctalOtCwGPQEaiXwJP4Vb1XuhVX-2bMLbMy1kr-uMZzgsvLaGsGX-EC8QXKIA_BqL4TizSPLH5GLkpbMAIY2hyE66WqVM4hsjqM7CprPqXJp9ZoCg8zWusN_XGaMMpNDq/s1280/image_2025-02-25_13-32-55.png

នៅពេលលោកអ្នកមកទស្សនាឧទ្យានជាតិរាម លោកអ្នកនឹង ទទួលបាននូវការកម្សាន្តយ៉ាងពិសេសដូចជា៖ គយគន់ឆ្នេរខ្សាច់ដ៏ល្អប្រណីត ស្រូបយកខ្យល់អាកាសដ៏ត្រជាក់បរិសុទ្ធតាមមាត់ឆ្នេរ ជាមួយបរិយាកាសដ៏ស្ងប់ស្ងាត់ រួមទាំងជិះទូកទៅមើលព្រៃកោងកាង ទស្សនាសត្វស្លាបជាច្រើនប្រភេទ រស់នៅតាមមាត់ព្រែក មានត្រដក់ កុក ក្រសារ មាន់ទឹក ទាទឹក ឬអាចធ្វើដំណើរកម្សាន្តក្នុងព្រៃបែបផ្សងព្រេងក៏បាន។

២.ពាមក្រសោប៖ តំបន់ពាមក្រសោបស្ថិតក្នុងភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង គឺជាសហគមន៍តំបន់ការពារធនធានធម្មជាតិ និងជាកន្លែងទេសចរណ៍ព្រៃកោងកាងដ៏ធំមួយរបស់ខេត្តកោះកុង។ ព្រៃ កោងកាងដុះចេញពីផ្ទៃទឹកដ៏ថ្លាឈ្វង់ ដោយមានដើមឈើដុះជាជួរដូចគេតម្រង់ បានក្លាយជាផ្ទាំងទស្សនីយភាពដ៏សម្បូរបែប និងប្រណីតបំផុត។ បច្ចុប្បន្នតំបន់ព្រៃកោងកាងនៅខេត្តកោះកុង មានប្រមាណមួយម៉ឺនហិកតា ក្នុងនោះមានពាមក្រសោប, កោះកាពិ, កោះស្រឡៅ, បឹងកាឆាង,ខេង ខូង, ជ្រោយប្រស់,តាតៃ និងទូលគគីរជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_80bcWt3QfQjWOvL5DPBX_NxPKR-gZH1H0x3g-OLMXlRUD94PKRf0Qvw-8l_kt-kpcAhPd9FDLSZLNMAi9MO15sSWtv3YgbCjkrTvBgLvPlITdpQwNvIK4ZXg3bBfqwRIu_FBq_iODVSH0h8CyrYPnpqzEUFf9yVeDV5ed-FGmOtXGZhyphenhyphenjvtUaqZZeX_X/s1024/image_2025-02-25_13-32-56.png

៣.សហគមន៍នេសាទត្រពាំងសង្កែ៖ គឺជាកន្លែងទេសចរណ៍ដែលមានភាពទាក់ទាញ និងល្បីល្បាញបំផុតមួយប្រចាំខេត្តកំពត ស្ថិតនៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ មានចម្ងាយត្រឹមតែ ៧ គីឡូម៉ែត្រប៉ុណ្ណោះពីរង្វង់មូលទុរេន។ សហគមន៍នេសាទត្រពាំងសង្កែ ជាកន្លែងកំសាន្តមួយដែលអភិរក្ស ហ៊ុមព័ទ្ធដោយព្រៃកោងកាងទំហំសរុប ៤៨ ហិចតាដុះលាតសន្ធឹងតាមបណ្តោយព្រែកក្បាលរមាសរហូតដល់ដៃសមុទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY67_8IqpqUPGY9GVCWG0suF4S7QVoe4aeonws9kV4aUZ3hliS8wECeWDI8-F39nUuCDIIE0HyXXnMFkNAy1tze14XCyzLOEu27afRbJsVhoFSm7XBGM9z620vGOTMCCJ75rqB19FjoK6blyc9Tt3ZZJGwtbSpO1QvUUptiIGh_P68P67N_ME-t3pvmQb0/s1280/image_2025-02-25_13-32-57.png
ដើម្បីទៅដល់ទីនោះ ភ្ញៀវទេសចរអាចធ្វើដំណើរចេញពីទីរួមខេត្តកំពតតាមបណ្ដោយផ្លូវជាតិលេខ ៣៣ ឆ្ពោះទៅកាន់ខេត្តកែបចម្ងាយប្រហែល ៧ គីឡូម៉ែត្រ រួចបត់ស្តាំតាមផ្លូវបេតុងតូចមួយ ហើយបន្តដំណើរប្រហែល ៥០០ ម៉ែត្រទៀតនឹងបានទៅដល់ទីតាំងដ៏ស្រស់ស្អាតមួយកន្លែងនេះហើយ។ នៅពេលទៅដល់លោកអ្នកនឹងបានឃើញទិដ្ឋភាពព្រៃឈើពណ៌បៃតងយ៉ាងសម្បូរបែប ផ្ទះបឹងហ្គាឡូ បណ្ណាល័យ អាហារដ្ឋាន ទូកទេសចរណ៍ និងថ្នាលបណ្តុះកូនកោងកាងទៀតផង៕