សត្វពស់មានច្រើនប្រភេទណាស់នៅលើផែនដីយើងនេះដូចជា ពស់វែក ពស់ថ្លាន់ ពស់ស្រកាចាស ពស់ហនុមាន ពស់ខៀវ និងពស់ក្រាយស-ខ្មៅជាដើម។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស Live Science គិតមកដល់បច្ចុប្បន្ននេះសត្វពស់មានអាយុកាលប្រហែល ១៤៣ ទៅ ១៦៧ លានឆ្នាំមកហើយ។ ប៉ុន្តែតើលោកអ្នកដឹងទេថា ក្នុងចំណោមសត្វពស់ទាំងអស់នោះ តើពស់ប្រភេទណាដែលឆ្លាតជាងគេបំផុត។
.jpg)
យោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រនៅ Live Science ដែលបានប្រើប្រាស់បច្ចេកវិទ្យាទំនើបមួយចំនួនវាស់ស្ទង់សមត្ថភាពនៃការចងចាំរបស់សត្វពស់ បានឱ្យដឹងថា ក្នុងចំណោមប្រភេទពស់ទាំងអស់ ពស់ដែលមានខួរក្បាលល្អជាងគេបំផុតនោះគឺពស់វែក។ មិនថាជាពស់វែកក្របី ពស់វែកដំបូក និងពស់វែករនៀមនោះទេ ឱ្យតែជាពស់វែងសុទ្ធតែជាប្រភេទសត្វដែលគ្រោះថ្នាក់ ដោយសារពួកវាមានភាពរហ័សរហួន ចូលចិត្តវាយប្រហារសត្រូវពីក្រោយខ្នង និងជាសត្វមានឥទ្ធិពលបំផុតក្នុងចំណោមពស់ដទៃ។
ពស់វែក ត្រូវបានគេរកឃើញភាគច្រើននៅទូទាំងទ្វីបអាស៊ីតែម្តង ពីឥណ្ឌា និងចិន រហូតដល់ហ្វីលីពីន និងកោះសាន់ដា។ ពស់នេះមិនអាចរស់នៅអង់តាក់ទិកបានទេ ដោយសារអាកាសធាតុត្រជាក់។ ពួកវាស្ថិតក្នុងចំណោមពស់ដែលមានពិសខ្លាំងបំផុត និងមានពិស neurotoxic។
.jpg)
មូលហេតុដែលពស់វែកត្រូវបានគេចាត់ទុកថា ជាសត្វពស់ដែលមានភាពឆ្លាតវៃបំផុត គឺដោយសារតែសមត្ថភាពក្នុងការចងចាំអ្វីៗដែលនៅជុំវិញខ្លួនវា សូម្បីតែអ្នកមើលថែ និយាយឱ្យចំទៅគឺពួកវាឆាប់ចាំ ឆាប់ស្គាល់ និងមានលក្ខណៈពិសេសជាច្រើនដែលអាចជួយឱ្យវារស់រានមានជីវិត និងសម្របខ្លួនទៅនឹងបរិស្ថានបានយ៉ាងល្អឥតខ្ចោះ។
លើសពីនេះពួកវាក៏មានភាពឆ្លាតវៃក្នុងការលាក់ខ្លួនពីសត្រូវយ៉ាងរហ័ស មានសមត្ថភាពបន្លំជាមួយបរិស្ថាន ដើម្បីការពារខ្លួន ក៏ដូចជារក្សាភាពស្ងៀមស្ងាត់ រួមទាំងអាចចងចាំស្ថានភាពអនាគត ហើយអាចរៀនពីបទពិសោធន៍បានទៀតផង៕










