ប្រទេសសិង្ហបុរី ៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា DBS Group Holdings Limited គឺជាធនាគារធំបំផុតនៅប្រទេសសិង្ហបុរី និងតំបន់អាស៊ីអាគ្នេយ៍ មានគម្រោងកាត់បន្ថយបុគ្គលិកជាប់កិច្ចសន្យា និងបុគ្គលិកធ្វើការបណ្តោះអាសន្ន ចំនួន៤,០០០នាក់ ក្នុងរយៈពេល៣ឆ្នាំខាងមុខ ។ ធនាគារនេះនឹងប្រើប្រាស់បច្ចេកវិទ្យា AI ធ្វើការងារជំនួសបុគ្គលិក ព្រមទាំងកែលម្អលទ្ធផលការងារដោយប្រើប្រាស់បច្ចេកវិទ្យា ។.jpg)
លោក Piyush Gupta នាយកធនាគារ DBS បាននិយាយមកកាន់សារព័ត៌មាន Bloomberg ថា ធនាគារនឹងកាត់បន្ថយបុគ្គលិកចំនួន៤,០០០នាក់ ឬស្មើ១០% ក្នុងចំណោមបុគ្គលិកសរុបចំនួន៤១,០០០នាក់ ដោយសារធនាគារបានយកបច្ចេកវិទ្យា AI មកប្រើប្រាស់កាន់តែច្រើនក្នុងការងារ ក៏ដូចជាកែលម្អលទ្ធផលការងារដោយប្រើប្រាស់បច្ចេកវិទ្យា ។

លោក Gupta ដែលគ្រោងឈប់កាន់តំណែងជានាយកធនាគារ DBS នៅខែមីនា ឆ្នាំ២០២៥ បន្តថា ការបញ្ឈប់បុគ្គលិកនេះ នឹងពុំប៉ះពាល់ដល់បុគ្គលិកពេញសិទ្ធិទេ ដោយសារធនាគារមានបុគ្គលិកជាប់កិច្ចសន្យា និងបុគ្គលិកធ្វើការបណ្តោះអាសន្ន ចាប់ពី៨,០០០នាក់ ទៅ៩,០០០នាក់ មានន័យថា ធនាគារនឹងកាត់បន្ថយបុគ្គលិកផ្នែកនេះរហូតដល់ពាក់កណ្តាល ។
សារព័ត៌មាន Bloomberg រាយការណ៍ថា ធនាគារនៅទូទាំងពិភពលោក នឹងកាត់បន្ថយុបុគ្គលិកប្រមាណ ២សែននាក់ ចាប់ពីរយៈពេល៣ឆ្នាំ ទៅ៥ឆ្នាំខាងមុខ ឬស្មើ៣% ដោយសារធនាគារទាំងនេះជ្រើសយកបច្ចេកវិទ្យា AI មកធ្វើការជំនួសមនុស្ស ។ ប៉ុន្តែនាយកធនានាគារនានាឱ្យដឹងថា ការប្រើប្រាស់មនុស្សយន្ត និងបច្ចេកវិទ្យា AI ធ្វើការជំនួសមនុស្ស គឺជាការកែលម្អលទ្ធផលការងារដោយប្រើប្រាស់បច្ចេកវិទ្យា ប៉ុន្តែក្រុមហ៊ុនទាំងនេះនឹងពុំប្រើប្រាស់ AI ធ្វើការជំនួសមនុស្សទាំងស្រុងទេ ។.jpg)
ការស្ទង់មតិរបស់ប្រធានបច្ចេកវិទ្យា និងព័ត៌មានក្នុងផ្នែកធនាគារ និងហិរញ្ញវត្ថុបង្ហាញថា បច្ចេកវិទ្យា AI នឹងចូលមកជំនួសការងារការិយាល័យ និងការងារប្រតិបត្តិការ ហើយការងារផ្តល់សេវាកម្មអតិថិជន ក៏ប្រឈមនឹងការបាត់បង់ដោយសារបច្ចេកវិទ្យា AI ដែរ ដោយសារក្រុមហ៊ុននានាប្រើប្រាស់មនុស្សយន្តក្នុងការងារផ្តល់សេវាកម្មអតិថិជនជំនួសមនុស្ស ។
ភ្នាក់ងារគ្រប់គ្រងបច្ចេកវិទ្យា AI របស់ JPMorgan Chase & Co. បាននិយាយកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ថា ការយកបច្ចេកវិទ្យា Generative AI មកប្រើប្រាស់របស់ធនាគារនានា នាពេលបច្ចុប្បន្ន គឺជាការបង្កើនប្រសិទ្ធភាពការងារ ៕










