ថ្លែងចេញពីខេត្តសៀមរាប សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបចំពោះការព្រួយបារម្ភ របស់ពលរដ្ឋខ្មែរមួយចំនួន ជុំវិញបញ្ហាអធិបតេយ្យភាព បូរណភាពទឹកដី ដែលកាន់តែភ័យខ្លាចបាត់ប្រទេស។
សម្ដេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ៖”ខ្លាចបាត់ប្រទេស អត់មានអ្វីខុសទេ ខ្ញុំក៏ខ្លាចបាត់ដែរ កូនខ្ញុំ៣នាក់ នឹងមានកូនត្រូវជាចៅខ្ញុំ ហើយនឹងមានបន្តចៅទួត ចៅលួត យើងឆ្លងកាត់សង្គ្រាមយូរច្រើនមកហើយ ប៉ុន្តែកុំឱ្យការភ័យខ្លាចនោះ ក្លាយទៅជាការបាក់ទឹកចិត្ត ហើយមិនខំ ហើយគិតតែពីមើលគ្នាឯង មិនទុកចិត្តគ្នាឯងនោះ ដែលជាកត្តាដែលធ្វើឱ្យបាត់បង់ខ្លាំង តែផ្ទុយទៅវិញ បើកាន់តែខ្លាច ត្រូវខំប្រឹងដើម្បីរៀនសូត្រ ពង្រឹងសមត្ថភាព ម្ចាស់ការខ្លួនឯង”។
សម្តេចធិបតី បានសង្កត់ធ្ងន់ទៀត៖”ចន្លោះឆ្នាំ១៩៧៩ ប្រជាពលរដ្ឋខ្មែរ មានប្រមាណ៥លាននាក់ ក្នុងនោះឆ្លងកាត់សង្គ្រាម ជាពិសេស របបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ ពលរដ្ឋខ្មែរ អស់ជាច្រើនលាននាក់បន្ថែម តែក្រោយការរំដោះប្រទេស និងគិតមកដល់បច្ចុប្បន្ន កម្ពុជា មានប្រជាពលរដ្ឋ ប្រមាណ១៧លាននាក់”។
ការថ្លែងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើង បន្ទាប់ពីមានការលើកឡើងរបស់សក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ជុំវិញបញ្ហាទឹកដីម្តង ហើយម្តងទៀត នៅតំបន់ខ្សែបន្ទាត់ព្រំដែន៕










