នៅយប់ថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ ២០២៥ មានអគ្គិភ័យមួយ បានឆាបឆេះព្រៃរបោះនៅលើភ្នំជីសូរដែលមានទីតាំងស្ថិតនៅក្នុងភូមិដក់ពរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
បើតាម អធិការនៃអធិការដ្ឋាននគរបាលស្រុកសំរោង បានឱ្យដឹងថា៖”ការចុះអន្តរាគមន៍ពន្លត់ភ្លើងឆេះព្រៃនៅភ្នំជីសូរនេះ បានប្រើប្រាស់ទឹកអស់ចំនួន១គ្រឿង ដោយសមត្ថកិច្ចអាចគ្រប់គ្រងស្ថានការបានទាំងស្រុងនៅម៉ោង៨យប់ ថ្ងៃកើតហេតុ”។
ដោយឡែកចំពោះមូលហេតុវិញ សមត្ថកិច្ចដាក់ការសង្ស័យថាមានអ្នកដុតភ្លើង ដើម្បីយកឃ្មុំ ធ្វើឱ្យធ្វេសប្រហែស ទើបបង្កជាហេតុការណ៍ឆេះព្រៃនេះកើតឡើង។
អគ្គិភ័យខាងលើមិនបណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលលក់ដូរនៅតាមជើងភ្នំនោះទេ គឺឆេះតែព្រៃរបោះ និងស្មៅក្រាស់នៅលើភ្នំអស់មួយចំនួនតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ភ្នំជីសូរជារមណីដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តរបស់ខេត្តតាកែវ ដែលភ្ញៀវទេសចរភាគច្រើននិយមដើរតាមជណ្តើរថ្មខាងលិចដែលមានចំនួន៣៩០កាំ ដើម្បីគយគន់សម្រស់ធម្មជាតិនៅទីនោះ៕










