ប្រទេសតង់ហ្សានី ៖ បុរសម្នា្នក់បានសម្រេចចិត្តយកប្រពន្ធរហូតដល់២០នាក់ ដោយសារជឿតាមបណ្តាំរបស់ឪពុកថា កូនត្រូវតែរៀបការជាមួយនារីច្រើននាក់ដើម្បីបង្កើតជាក្រុមគ្រួសារធំ ។ បច្ចុប្បន្ន បុរសរូបនេះបានបង្កើតក្រុមគ្រួសារធំមួយតាមបណ្តាំឪពុក គឺមានកូនសរុបចំនួន១០៤នាក់ និងចៅ១៤៤នាក់ ហើយប្រពន្ធម្នាក់ៗរស់នៅយ៉ាងមានសេចក្តីសុខ និងពុំច្រណែ.ន គ្នាទេ ។

បុរសមានប្រពន្ធ និងកូនចៅច្រើននេះ ឈ្មោះ Muinushi Kapinga រស់នៅប្រទេសតង់ហ្សានី បាននិយាយមកកាន់សារព័ត៌មានថា លោករីករាយនឹងការមានសមាជិកគ្រួសារធំបែបនេះ ។ រីឯមូលហេតុដែលលោកយកប្រពន្ធច្រើន ដោយសារឪពុកផ្តាំថា ចូរកូនបង្កើតគ្រួសារធំមួយ ពីព្រោះត្រកូលរបស់ឪពុកមានសមាជិកតិចពេក ហើយឪពុកនឹងគាំទ្រកូនឱ្យរៀបការជាមួយនារីច្រើននាក់ ។
ឪពុកខ្ញុំប្រាប់ថា ក្រុមគ្រួសាររបស់យើងមានសមាជិកតិចតួច ហើយគាត់ចង់ឱ្យខ្ញុំបង្កើនសមាជិកគ្រួសារឱ្យបានច្រើន ។ ខ្ញុំបានរៀបការជាមួយភរិយាទី១ នៅឆ្នាំ១៩៦១ ហើយកូនដំបូងរបស់ខ្ញុំ កើតនៅឆ្នាំ១៩៦២ ។ ប៉ុន្តែឪពុកខ្ញុំប្រាប់ថា យកប្រពន្ធតែម្នាក់ពុំគ្រប់គ្រាន់ទេ គ្រួសាររបស់យើងត្រូវតែបង្កើនសមាជិកថែមទៀត ។ ដូច្នេះ ខ្ញុំក៏ស្តាប់តាមបណ្តាំឪពុក និងចាប់ផ្តើមយកប្រពន្ធថែម ។
ក្រោយមក លោក Kapinga ក៏បានរៀបការជាមួយនារីដែលលោកពេញចិត្តជាបន្តបន្ទាប់ត្រឹមតែរយៈពេល១ឆ្នាំ ហើយលោកក៏រៀបការជាមួយនារីជាច្រើននាក់ទៀត រហូតដល់គ្រប់២០នាក់ ក្នុងនោះប្រពន្ធ៧នាក់របស់លោក គឺជាបងប្អូននឹងគ្នា ។ លោកពុំបានរស់នៅជាមួយប្រពន្ធទាំងអស់ទេ ដោយសារប្រពន្ធខ្លះស្លាប់ចោល និងខ្លះទៀតដើរចេញពីជីវិតលោក បច្ចុប្បន្ន លោកនៅសល់ជាមួយប្រពន្ធតែ១៦នាក់ប៉ុណ្ណោះក្នុងផ្ទះជាមួយគ្នា ។ ពួកនាងពុំច្រណែនគ្នាទេ ហើយប្រពន្ធទាំងអស់ជួយគ្នាមើលថែទាំកូនៗដូចជាកូនបង្កើតរបស់ខ្លួន ។

លោកបន្តថា ឪពុកខ្ញុំបានជួយចេញថ្លៃបណ្ណាការជូនប្រពន្ធចំនួន៥នាក់របស់ខ្ញុំ ពីព្រោះគាត់ចង់ឃើញគ្រួសារពួកយើងរស់នៅជួបជុំគ្នាយូរអង្វែង ។ រីឯប្រពន្ធផ្សេងទៀត គឺខ្ញុំចេញថ្លៃបណ្ណាការខ្លួនឯង ពួកយើងរស់នៅក្នុងជីវិតសាមញ្ញ ប៉ុន្តែមានសេចក្តីសុខ ៕










