ទស្សនិកជនជ្រាបមកហើយថាប្រ៊េនលំដាប់ថ្នាក់ពិភពលោករបស់ប្រទេសអ៊ីតាលីបានជ្រើសរៀបចំកម្មវិធីនៅមុខប្រាសាទបាយ័នដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ អ្វីដែលធ្វើឱ្យទស្សនិកជនទាំងក្នុងស្រុកក្រៅស្រុកមើលហើយអត់សរសើរមិនបាននោះការដើរបង្ហាញម៉ូតថ្មីជាមួយផ្ទៃខាងក្រោយនៃប្រាង្គប្រាសាទពិតជាស្រស់ស្អាតខ្លាំង ខណៈកម្មវិធីមួយនេះបានរៀបចំបង្ហោះដ្រូនបង្ហាញគ្រឿងអលង្ការម៉ូតថ្មី។ លើសពីនេះទៅទៀតក្នុងកម្មវិធីក៏បានបង្ហាញពីរបាំបុរាណខ្មែរផងដែរ។
នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ស្រ្តីទី១នៃប្រទេសកម្ពុជា រដ្ឋមន្រ្តីក្រសួងវប្បធម៌ ប្រធានសមាគមសិល្បករ និងត្រកូលអភិជនមួយចំនួនទៀតបានអញ្ជើញចូលរួមក្នុងកម្មវិធីប្រ៊េនលំដាប់ថ្នាក់ពិភពលោក Bulgari ដែលប្រមូលផ្តុំទៅដោយតារាល្បីទាំងក្នុងស្រុកក្រៅស្រុកចូលរួមដែលកម្មវិធីគឺប្រព្រឹត្តទៅតាមលក្ខណៈបែបឯកជន។ នៅក្នុងកម្មវិធីជប់លៀងពេលរាត្រីគឺមានការបង្ហាញម៉ូតគ្រឿងអលង្ការប្រណីតអមដោយផ្ទៃខាងក្រោយពិតជាស្រស់ស្អាតខ្លាំងមើលហើយព្រឺសម្បុរតែម្តង។
លើសពីនេះទៅទៀត តាមរយៈវីដេអូដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយគឺមានការបង្ហោះដ្រូនបើកបង្ហាញពីម៉ូតគ្រឿងអលង្ការថ្មីៗ គឺពិតជាប្លែកភ្នែកនិងមានភាពស្រស់ស្អាតជាខ្លាំង។
ទន្ទឹមនឹងភាពទំនើបនៃកម្មវិធីប្រ៊េនលំដាប់ថ្នាក់ពិភពលោកការរៀបចំការមិនភ្លេចផ្សារភ្ជាប់ជាមួយប្រពៃណីវប្បធម៌របស់ម្ចាស់ផ្ទះផងដែរ។ ទស្សនិកជនក្នុងស្រុកមានការរំភើបចិត្តជាខ្លាំងនៅពេលឃើញរបាំបុរាណខ្មែរបានបង្ហាញជូនភ្ញៀវអន្តរជាតិទស្សនា។
គួរឱ្យដឹងថាកម្មវិធីនេះបានប្រព្រឹត្តទៅដោយមានតារាល្បីៗជាច្រើនចូលរួមដូចជាកញ្ញា ស៊ីន យូប៊ីន ប្រាសាទ ដាវីន តារាហ្វីលីពីន សិង្ហបុរី ថៃ និង វៀតណាម ជាដើម៕










