Rosé សមាជិកក្រុម BLACKPINK បានដកសមាជិកភាពរបស់នាងចេញពីសមាគមរក្សាសិទ្ធិតន្ត្រីកូរ៉េ (KOMCA) នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយផ្តាច់មុខនៅថ្ងៃទី២០ ខែកុម្ភៈ។ ស្របពេលរបាយការណ៍នេះក្រុមចម្រៀង BLACKPINK ក៏ប្រកាសពីដំណើរទេសចរណ៍ពិភពលោករបស់ពួកគេដែលនឹងចាប់ផ្តើមនៅដើមខែកក្កដា ខាងមុខនេះ។
នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ Rosé បានស្នើសុំឱ្យបញ្ចប់កិច្ចព្រមព្រៀងសមាជិកភាពរបស់នាងជាមួយសមាគមរក្សាសិទ្ធិតន្ត្រីកូរ៉េ KOMCA ។ បីខែក្រោយមក កិច្ចព្រមព្រៀងសមាជិកភាពរបស់នាងត្រូវបានបញ្ចប់ជាផ្លូវការ។ ការរក្សាសិទ្ធិទាំងអស់ដែលទាក់ទងនឹងតន្ត្រីរបស់ Rosé នឹងត្រូវបានគ្រប់គ្រងដោយស្លាកសញ្ញាអាម៉េរិកបស់នាងគឺ Atlantic Records ។ 
ស្លាកសញ្ញានេះនឹងគ្រប់គ្រងការរក្សាសិទ្ធិរបស់ Rosé ជាអន្តរជាតិតាមរយៈអង្គការនានាជាច្រើនដូចជា American Society of Composers, Authors and Publishers (ASCAP) និង Broadcast Music Inc (BMI)។ នេះជាវិធីសាស្ត្រដែលសិល្បករបរទេសភាគច្រើនប្រើ។ ជាមួយគ្នានេះដែរក៏មានការលើកឡើងដែរថា ប្រសិនជានាងសម្តែងបទណាមួយក្នុងអាល់ប៊ុមរបស់នាងនឹងត្រូវចំណាយទ្វេដង ហើយនាងនឹងទទួលបានផលលាភទ្វេគុណ។ ទន្ទឹមនឹងនេះ នៅប្រទេសកូរ៉េខាងត្បូង Rosé គឺជាតន្ត្រីករទីពីរបន្ទាប់ពី Seo Taiji ក្នុងឆ្នាំ ២០០២ ដែលបានដកខ្លួនចេញពីសមាគមរក្សាសិទ្ធិតន្ត្រីកូរ៉េ។ 
ស្របពេលមានរបាយការណ៍ Rosé ដកខ្លួនចេញពីសមាគមរក្សាសិទ្ធិតន្ត្រីកូរ៉េ ក្រុមចម្រៀង BLACKPINK បានប្រកាសកាលបរិច្ឆេទដំណើរទេសចរណ៍ពិភពលោករបស់ពួកគេឡើងវិញ ជាមួយការចាប់ផ្តើមចំនួនពីរយប់នៅថ្ងៃទី ៥-៦ ខែកក្កដា មុនពេលធ្វើដំណើរទៅកាន់ទីក្រុង Los Angeles, Chicago, Toronto, New York, Paris, Milan និង Barcelona៕










