ខ្លោងទ្វារដំណាក់ហ្លួង មានទីតាំងជាប់ចិញ្ចើមផ្លូវអតីតលេខ១០ ស្ថិតក្នុងភូមិដង្កោទាប សង្កាត់ទូលតាឯក ក្រុងបាត់ដំបង។
ពលរដ្ឋអ្នកខេត្តបាត់ដំបង មានជំនឿថា ខ្លោងទ្វារនេះមានបារមីខ្លាំងពូកែស័ក្តិសិទ្ធ ហើយបានរក្សាទុកជាទីសក្ការៈបូជា។
ខ្លោងទ្វារនេះ បានបន្សល់តាំងពីសម័យអាណានិគមនិយមបារាំងមកម្ល៉េះ ហើយកាលពីដើមទីតាំងនេះ គឺជាដំណាក់របស់ក្សត្រមួយព្រះអង្គ ហើយនៅម្ខាងថ្នល់ទល់មុខនឹងដំណាក់នេះគឺមានស្រះទឹកមួយយ៉ាងធំដែលមានឈ្មោះថាស្រះដំណាក់ហ្លួង។ បច្ចុប្បន្ន ស្រះនេះ នៅសល់តែឈ្មោះ ដោយបានប្រែក្លាយទៅជាផ្ទះសំណង់ផ្ទះល្វែង។
កាលពីជាង១០ឆ្នាំមុន អភិបាលខេត្តបាត់ដំបងម្នាក់ មានគម្រោងយកគ្រឿងចាក់ឈូសខ្លោងទ្វារនេះចោល ដើម្បីពង្រីកផ្លូវ។ តែកាលនោះ គ្រឿងចក្រទាំងអស់បានខូចជាបន្តបន្ទាប់ រហូតដល់មានអ្នកបើកបរគ្រឿងចក្រម្នាក់ បានឈឺរហូតដល់ស្លាប់។
ហេតុការណ៍នេះ បានធ្វើឱ្យអ្នកខេត្តបាត់ដំបង មានជំនឿជឿជាក់យ៉ាងខ្លាំង លើខ្លោងទ្វារនេះពិតជាមានមហិទ្ធិឫទ្ធិពិតប្រាកដ។
បើតាមឯកសារខ្លះបានឱ្យដឹងថា ខ្លោងទ្វារដំណាក់ហ្លួង សាងសង់ក្នុងចន្លោះឆ្នាំ១៩២៨ក្នុងរជ្ជកាលព្រះបាទព្រះមុនីវង្ស។.png)
មកទល់បច្ចុប្បន្ន ប្រជាពលរដ្ឋតែងតែអុជធួបបន់ស្រន់សុំសេចក្ដីសុខសប្បាយ ឬធ្វើពិធីបន់ស្រន់ផ្សេងៗ ទៅតាមជំនឿរបស់ពួកគេ៕










