«ប្រាសាទតាមាន់» ដែលមានទីតាំងស្ថិតនៅលើភ្នំដងរែក  ភូមិតាមាន់ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ និងមានចម្ងាយប្រមាណ ៤៨ គីឡូម៉ែត្រពីទីរួមក្រុងសំរោង គឺជាប្រាសាទដ៏ល្អឯកមួយ ដែលដូនតាខ្មែរយើងបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ប្រាសាទដ៏អស្ចារ្យនេះមានទំហំ ៦០មX៦០ម សាងសង់អំពីថ្មភក់ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០) និងឧទ័យទិត្យវរ្ម័នទី២ (១០៥០-១០៦៦) នាសតវត្សទី ១១ ដើម្បីឧទ្ទិសថ្វាយដល់ព្រះសីវៈ។.png)
ប្រាសាទតាមាន់កំពុងរង់ចាំវត្តមានរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនានូវក្បាច់ចម្លាក់ដ៏ល្អវិចិត្យ ដែលស្ថិតនៅតំបន់ព្រំដែនថៃ ក្នុងភូមិសាស្ត្រនៃខេត្តឧត្តមានជ័យ។ នៅតាមបណ្តោយព្រំដែនកំពុងដង្ហោយឱ្យប្រជាពលរដ្ឋ កុំបំភ្លេចប្រាសាទបុរាណខ្មែរដ៏ស្រស់ស្អាតមួយនេះឱ្យសោះ។ ប្រាសាទតាមាន់ គឺមានស្ថាបត្យកម្ម និងរចនាបទល្អ មិនចាញ់ប្រាសាទមួយចំនួននៅតំបន់អង្គរឡើយ។
អាស្រ័យហេតុនេះ សូមបងប្អូនភ្ញៀវទេសចរទាំងអស់អញ្ជើញទៅលេងឱ្យបានម្តងក្នុងមួយឆាកជីវិត ឬក៏បង្កើតកម្មវិធីផ្សេងនៅទីនោះដើម្បីបានស្គាល់ប្រាសាទផង ស្គាល់ភូមិសាស្ត្រ និងស្គាល់ទីតាំងច្បាស់ផង ហើយក៏បានដឹងពីស្ថានភាពពិតនៅតាមបណ្តោយព្រំដែនផងដែរ។ បច្ចុប្បន្នប្រាសាទនេះគឺមានសភាពការណ៍ប្រក្រតីជាធម្មតា ក៏ដូចជាមានសុវត្ថិភាពល្អ មិនមានការប៉ះពាល់សម្តីរវាងខ្មែរ និងថៃនោះទេ។.png)
សូមបញ្ជាក់ដែរថា ប្រាសាទតាមាន់ កាលដើមឡើយមានឈ្មោះថា «ប្រាសាទវេទមន្ត» លុះក្រោយមកក៏ក្លាយជា ប្រាសាទតាមាន់រហូតមកដល់សព្វថ្ងៃនេះ។ ដូច្នេះដើម្បីទៅដល់ទីតាំងនេះ ភ្ញៀវទេសចរមិនចាំបាច់បារម្ភថាផ្លូវលំបាកទេ ព្រោះបច្ចុប្បន្នផ្លូវឡើងទៅប្រាសាទ ក៏បានធ្វើថ្មីអាចបើកបរបានដល់កំពូលភ្នំតែម្តង៕
 
		 
	









