រឿងក្តីរបស់តារាចម្រៀងរ៉េប Ruthko បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅមិនទាន់ទទួលបានពន្លឺយុត្តិធម៌នៅឡើយក្នុងរយៈពេលជិត២ខែមកនេះ។ នេះបើតាមការឱ្យដឹងពីតារារ៉េប KingChi ។ ក្នុងនោះដែរតារាចម្រៀងរ៉េបរូបនេះក៏សង្ឃឹមថា Ruthko នឹងទទួលបានយុត្តិធម៌ភាពស្អាតស្អំមកវិញ ខណៈបានស្នើឱ្យទស្សនិកជនជួយចែករំលែកបន្តចំពោះរឿងក្តីរបស់ប្អូនប្រុសលោក។
.png)
តាមរយៈវីដេអូមួយចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម តារារ៉េប KingChi បាននិយាយថា «សម្រាប់រឿងប្អូនប្រុសរបស់លោកគឺ Ruthko គឺពិតជាស្ងាត់មែនហើយលោកសង្ឃឹមថាមានយុត្តិធម៌សម្រាប់ គាត់(Ruthko) ។ លោកបានបន្ថែមថាអ្វីដែលលោកប្រឹងធ្វើគឺធ្វើអស់ហើយ ហើយលោកសង្ឃឹមថាទស្សនិកជនជាអ្នកគាំទ្រជួយចែករំលែកព័ត៌មានជួយរកយុត្តិធម៌ឱ្យ Ruthko »។
.png)
នៅក្នុងវីដេអូនេះ តារារ៉េប KingChi រហ័្សសនាមស្តេចជួន បានលើកឡើងទៀតថា មនុស្សដែលទៅគឺទៅហើយ ប៉ុន្តែគ្រាន់តែថាចង់បានភាពយុត្តិធម៌ ភាពស្អាតស្អំ ពីព្រោះប្អូនលោក(Ruthko) មិនមែនជាមនុស្សទំនើង ជិះម៉ូតូស្រវឹងអត់ដឹងខ្យល់អ្វីនោះទេ។
.png)
តារារ៉េប KingChi គឺតែងតែមានក្តីនឹករលឹកទៅកាន់ Ruthko ដោយបានពោលពាក្យយ៉ាងសោកសៅមានក្តីអាឡោះអាល័យចំពោះការអវត្តមានរបស់ Ruthko ពីភពផែនដីនេះ។ មិនត្រឹមតែលោកប៉ុណ្ណោះទេប៉ុន្តែអ្នកសិល្បៈមួយចំនួនទៀតដែលមានការរាប់អានជាមួយ Ruthko គឺនៅតែមានក្តីនឹករលឹកទៅកាន់លោក។
អ្វីដែលធ្វើឱ្យមហាជនអាណិតអាសូរស្ទើរតែទប់ទឹកភ្នែកមិនជាប់នោះគឺសំណេររបស់បងស្រីរបស់ Ruthko ដែលបញ្ជាក់ថាសមាជិកគ្រួសារជាពិសេសគឺម្តាយរបស់ខ្លួនតែម្តងនៅតែគេងឱបរូបថតរបស់ Ruthko ក្នុងចិត្តប្រេះឆាទុក្ខសោកជារៀងរាល់យប់។ បងស្រីរបស់ Ruthko ក៏បង្ហាញដែរថាជនបង្កប្រហែលជាកំពុងរស់នៅសុខស្រួលបាយឆ្ងាញ់ប៉ុន្តែក្រុមគ្រួសាររបស់ខ្លួនរស់នៅជាមួយទុក្ខសោកសង្រេងហែលឆ្លងជំងឺផ្លូវចិត្ត។

គួរបញ្ជាក់ថា តារារ៉េប Ruthko បានស្លាប់ក្នុងវ័យ២៤ឆ្នាំ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូធំ បុកជាមួយរថយន្ត LEXUS RX330 ស្លាកលេខខេមរភូមិន្ទ 2–4771 ស្ថិតនៅផ្លូវ៦០ម៉ែត្រ នៅវេលាម៉ោងជាង១ យប់រំលងអាធ្រាតឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។ ជនបង្កមានឈ្មោះ ណឹម ណាង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកងរាជអាវុធហត្ថ៕
Home តារាជាតិ









